កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់
(ភ្នំពេញ)៖ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រត្តិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One ដែលមានទីតាំងនៅខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់។
ប្រតិបត្តិការនេះមានកម្លាំងលាំសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមមាន៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា, ការិយាល័យគ្រប់គ្រងជនបរទេស, ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងអធិការនគរបាលខណ្ឌបឹងកេង ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងផែនការងារអន្តោប្រវេសន៍ ដោយបានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានទីតាំង ខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ជាលទ្ធផលរកឃើញសមត្ថកិច្ចជំនាញបានរកឃើញមនុស្សចំនួន៦៥នាក់ មានជនជាតិចិន០៨ នាក់ (ប្រុស), ជនជាតិខ្មែរ ៥៧នាក់ (ស្រី ២៧នាក់)។
វត្ថុតាងរួមមានកុំព្យូទ័រ ALL in One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ (Monitor) ១គ្រឿង CPU ចំនួន០១គ្រឿង, ទូរស័ព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំ។
យោងតាមការធ្វើកោសល្យវិច្ច័យលើកុំព្យូទ័របឋមជាក់ស្ដែងរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាអាចសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលោមលួងដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអឺរ៉ុប៕


