កូរ៉េខាងត្បូង និងជប៉ុន បាននិយាយនៅថ្ងៃអាទិត្យទី១៩មេសានេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ់េ ដែលជាការបាញ់ចុងក្រោយបំផុតក្នុងចំណោមការបាញ់ផ្លោងសាកល្បងសមត្ថភាពជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសមត្ថភាពយោធារបស់កូរ៉េខាងជើង ក្នុងពេលពិភពលោកកំពុងកើតសង្គ្រាម។
អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បានចេញការបញ្ចាក់ថា មីស៊ីលទាំងនោះបានបាញ់នៅជិតទីក្រុង Sinpo នៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង នាវេលាម៉ោងប្រហែល ៦:១០នាទីព្រឹក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយទៀតថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានប្រកាសពីការរៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីស្ថានភាពនេះផងដែរ។ ក្រោយមក ភាគីជប៉ុនបានចេញការបញ្ចាក់ដែរថា មីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
លោក Lim Eul-chul សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kyungnam បាននិយាយថា «ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងផ្តោតលើអ៊ីរ៉ង់ កូរ៉េខាងជើងមើលឃើញថា នេះជាពេលវេលាមាសដើម្បីធ្វើឲ្យប្រសើរឡើងនូវថាមពលនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលរបស់ពួកគេ»។
ជាក់ស្ដែង ការបាញ់បង្ហោះទាំងនេះបានកើតឡើងស្របពេលដែលប្រទេសចិន និងអាមេរិកកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅពាក់កណ្តាលខែឧសភា ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងពិភាក្សាពាក់ព័ន្ធជាមួយកូរ៉េខាងជើង។
ដោយឡែក កាលពីចុងខែមីនា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា ឋានៈរបស់ទីក្រុងព្យុងយ៉ាងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺមិនអាចត្រឡប់វិញបានទេ ហើយការពង្រីក «ការរារាំងនុយក្លេអ៊ែរការពារខ្លួន» គឺមានសារៈសំខាន់ចំពោះសន្តិសុខជាតិ៕


