កប៉ាល់ពាណិជ្ជកម្មដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅ រ៍ទី១៨ មេសា បានទទួលសារវិទ្យុពីកងទ័ពជើងទឹកអ៊ីរ៉ង់ថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នោះទេ ខណៈដែលកប៉ាល់ពីរគ្រឿង ត្រូវបានវាយប្រហារជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួននឹងបិទច្រកសមុទ្រ Hormuz ម្តងទៀតចំពោះកប៉ាល់ពាណិជ្ជកម្ម ហើយរឹតត្បិតការដឹកជញ្ជូន រហូតដល់សហរដ្ឋអាមេរិកលើកការបិទផ្លូវលើកំពង់ផែអ៊ីរ៉ង់ ដោយព្រមានថា ខ្លួននឹងបំផ្លាញកប៉ាល់ដែលព្យាយាមឆ្លងកាត់ច្រកមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ព្រមានបន្ថែមទៀតថា «ជាពិសេស ការប៉ុនប៉ងណាមួយដើម្បីទៅដល់ច្រក Hormuz នឹងត្រូវចាត់ទុកថាជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការជាមួយសត្រូវ ហើយនាវាដែលបង្កបញ្ហានឹងត្រូវវាយប្រហារភ្លាមៗ»។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតនេះផ្ទុយនឹងសេចក្តីប្រកាសពីមុនរបស់រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ដែលសុទ្ធតែអះអាងថា ផ្លូវទឹកយុទ្ធសាស្ត្រនេះបានបើកឡើងវិញហើយ។
នៅក្នុងនោះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយបកវិញចំពោះការអះអាងរបស់យោធាអ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់មិនអាច «គំរាមកំហែង» សហរដ្ឋអាមេរិកដោយការផ្លាស់ប្តូរជំហររបស់ខ្លួនឥតឈប់ឈរលើច្រកសមុទ្រ Hormuz នោះទេ។ ប៉ុន្តែបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងស្ថិតក្នុងការសន្ទនានៅឡើយ។
គួរបញ្ចាក់ដែរថា អាជ្ញាធរដែនសមុទ្រអង់គ្លេសបានប្រកាសថា ខ្លួនទទួលបានរបាយការណ៍អំពីកប៉ាល់មួយគ្រឿងដែលកំពុងរងការបាញ់ប្រហារពីអ៊ីរ៉ង់នៅជិតប្រទេសអូម៉ង់ និងមួយទៀតវាយប្រហារដោយគ្រាប់ផ្លោងនៅក្នុងច្រកសមុទ្រ ខណៈដែលមន្ត្រីអាមេរិកម្នាក់អះអាងបន្ថែមថា យោធាអាមេរិកកំពុងតាមដានការវាយប្រហារយ៉ាងហោចណាស់បីលើករបស់អ៊ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្ម៕


