ភ្នំពេញ៖ រយៈពេលជិត១សប្ដាហ៍នាដើមខែឧសភា ជនជាតិចិនសរុប ៦៦៩នាក់ ត្រូវបានអាជ្ញាធរបណ្ដេញចេញកម្ពុជា ដោយសារពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងលួចស្នាក់នៅខុសច្បាប់។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិចិនជាង៦០០នាក់នោះមានស្រ្តី១៤នាក់ ដោយ១៧៣នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជានៅថ្ងៃទី១ ខែឧសភា។ បន្ទាប់មកនៅថ្ងៃទី៣ ខែឧសភា បណ្ដេញចេញចំនួន១៦៦នាក់ និងថ្ងៃទី៥ ខែឧសភា ចំនួន៣៣០នាក់។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញជនជាតិចិនប្រព្រឹទ្ធបទល្មើសឆបោកតាមអនឡាញចេញពីកម្ពុជានេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរចិននិងស្ថានទូតចិនប្រចាំកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា សកម្មភាពបណ្ដេញជនជាតិចិនចេញពីកម្ពុជានេះ គឺអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោស សម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាការការពារសុវត្ថិភាពពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោកដោយគ្មានការលើកលែងឡើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដោយអះអាងថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ ក្នុងការប្រព្រឹត្តសកម្មភាពឆបោក ឬបទល្មើសឆ្លងដែនឡើយ៕


