Detail Top Banner – Conway

លោក ម៉ាក្រុង​​៖​ គ្មាន​អ្វី​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​​របស់​​អ៊ីស្រាអែល​​ បន្ត​វាយ​លីបង់​រាល់​ថ្ងៃ​នោះ​ទេ​

មាន​បទ​ឈប់​បាញ់​ក៏ហាក់​បី​​ដូច​ជា​​គ្មាន​សម្រាប់​​លី​បង់​និង​អ៊ីស្រាអែល ព្រោះតែ​​​យោធា​អ៊ីស្រាអែល​តែងតែ​វាយ​ប្រហារ​មក​លើ​ប្រទេស​លីបង់​មិន​លស់​ថ្ងៃ​ គិត​មក​ដល់​ថ្ងៃ​នេះ ដោយ​យក​លេស​តាម​ប្រហារ​ក្រុម​ហេសបូឡា​​ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់​​។

ដោយមើល​​ឃើញ​ពី​ភាព​មិន​ធូរ​ស្បើយរវាង​ប្រទេស​ទាំង​ពីរ ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ថា គ្មាន​អ្វី​ដែល​អាច​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​​របស់​អ៊ីស្រាអែល ចំពោះ​ការ​​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ នៅភាគ​ខាង​ត្បូង​ប្រទេស​លី​បង់​នោះ​ទេ​។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ។

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង 

លោក ម៉ាក្រុង បានសរសេរ​​បង្ហោះ​លើ​បណ្តាញ​សង្គម​ X ថា៖ « គ្មានអ្វីអាច​បង្ហាញពីភាពត្រឹមត្រូវ​នៃការ​​វាយប្រហារ​ជាបន្ត​បន្ទាប់​ ​​​នៅ​ភាគ​ខាងត្បូងប្រទេសលីបង់នោះ​ទេ។ ប្រទេសបារាំង​នឹងបន្តគាំទ្រ​ដល់អាជ្ញាធរលីបង់​ក្នុងកិច្ច​ខិត​ខំ​ប្រឹងប្រែង​​របស់ពួកគេ​ ដើម្បីស្តារអធិបតេយ្យ​ភាពរដ្ឋ និងបូរណភាព​ទឹកដីរបស់ប្រទេសវិញ​»។

ការកត់​សម្គាល់​របស់ លោក ម៉ាក្រុង បាន​កើតឡើង ចំ​ពេល​កង​ទ័ព​អ៊ី​ស្រាអែលបាន​បន្តការវាយប្រហារប្រចាំថ្ងៃនៅ​ទូទាំង​ប្រទេស​លីបង់ ​ទោះបីជាមានបទឈប់បាញ់​ដែល​ចូលជាធរមាន​នៅថ្ងៃទី​១៧ ខែមេសា និង​ត្រូវបានពង្រីករយៈពេល ៤៥ថ្ងៃ​ បន្ទាប់ពីការចរចាដោយ​ប្រយោល សម្របសម្រួល​ដោយសហរដ្ឋអាមេរិកក៏ដោយ​។

យោង​តាមក្រសួងសុខាភិបាល​លីបង់ ការវាយប្រហាររបស់​អ៊ីស្រាអែល​ចាប់​តាំងពីថ្ងៃទី០២ ខែមីនា​ មក បាន​សម្លាប់មនុស្ស​ជាង ៣ ៣៧០នាក់ និង​​រង​របួស​ជាង ១០ ០០០នាក់ផ្សេងទៀត។

ស្តី​ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ លោក ម៉ាក្រុង និយាយថា ខ្លួន​បានជជែក​ជាមួយមេដឹកនាំក្នុង​តំបន់ ដោយ​សង្កត់ធ្ងន់លើតម្រូវការ​បន្ទាន់សម្រាប់​កិច្ចព្រមព្រៀង​ឆាប់​រហ័ស​រវាងប្រទេសទាំងពីរ។

លោក ម៉ាក្រុង​ និយាយថា៖ « ក្នុង​ឱកាសនោះ​ យើង​​ត្រូវតែចាប់យក​ឥឡូវនេះ។ អាទិភាពត្រូវតែជា​បទឈប់បាញ់ និងការបើកច្រក​សមុទ្រ Hormuz ឡើងវិញ​ជាបន្ទាន់​ដោយគ្មានលក្ខខណ្ឌ ​ដោយ​ស្របតាមច្បាប់អន្តរជាតិ ជាមួយនឹងការចរចា​បន្ថែមទៀតដែល​មានគោលបំណងឈាន​ដល់​កិច្ចព្រមព្រៀងដ៏​សំខាន់​មួយគ្របដណ្តប់​លើកម្មវិធីនុយក្លេអ៊ែរនិង​មីស៊ីលផ្លោង ក៏​ដូចជាស្ថិរភាពក្នុងតំបន់​កាន់តែទូលំទូលាយ​»។

ប្រធានាធិប​តី​បារាំង​រូប​នេះ​​សង្កត់​​ធ្ងន់​ទៀត​ថា​៖ « ស្ថិរភាព​​ក្នុង​តំបន់​​ត្រូវ​តែ​​ចាប់ផ្តើម​​ជាមួយ​ប្រទេស​លីបង់! វា​ជា​រឿង​​បន្ទាន់​ដែល​​អាវុធ​​គ្រប់​ដៃ​​ត្រូវ​តែ​​បញ្ឈប់​ទាំង​អស់​គ្នា ហើយ​​នោះ​ជា​​ភាព​ប្រសើរ​»៕

ព័ត៌មានទាក់ទង
×
Popup Banner