យោងតាមការវិភាគលើរូបភាពពីផ្កាយរណបរបស់បណ្តាញព័ត៌មាន CNN ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមបើកឡើងវិញហើយ នូវច្រកចូលភាគច្រើននៃកន្លែងផ្ទុកមីស៊ីលក្រោមដីរបស់ខ្លួន ដែលធ្លាប់ជាគោលដៅរងការវាយប្រហារយ៉ាងចាស់ដៃ ក្នុងកំឡុងពេលមានជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

តាមការចុះផ្សាយនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ របស់ India Today របាយការណ៍របស់ CNN បានអះអាងថា ទីក្រុងតេហេរ៉ង់ នៅតែរក្សាបាននូវសមត្ថភាពវាយប្រហារដោយមីស៊ីលយ៉ាងខ្លាំងក្លា ដដែល បើទោះបីជាត្រូវរងការទម្លាក់គ្រាប់បែកអស់ជាច្រើនសប្តាហ៍ ក្នុងបំណងកម្ទេចឃ្លាំងអាវុធទាំងនេះ ក៏ដោយ។ អ៊ីរ៉ង់ បានគ្រប់គ្រង និងបោសសម្អាតដើម្បីបើកច្រកចូលរូងភ្នំបានចំនួន ៥០ច្រក ក្នុងចំណោមច្រកចូលទាំង ៦៩ ដែលត្រូវបានកងទ័ពអាមេរិក និងអ៊ីស្រាអែលវាយប្រហារ នៅតាមទីតាំងមីស៊ីលក្រោមដីចំនួន ១៨កន្លែង។ រូបភាពពីផ្កាយរណប បានបង្ហាញពីសកម្មភាពកាយដីទ្រង់ទ្រាយធំ នៅតាមទីតាំងជាច្រើន ដោយមានការប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយកម្ទេចកម្ទី និងស្តារផ្លូវចូលទៅកាន់កន្លែងលាក់ខ្លួនក្រោមដីឡើងវិញ។
អ្នកវិភាគ បានគូសបញ្ជាក់ថា ការព្យាយាមបំផ្លាញឃ្លាំងអាវុធ ដែលលាក់ខ្លួននៅក្រោមស្រទាប់ថ្ម និងដីដ៏ក្រាស់របស់អ៊ីរ៉ង់ មិនមែនជារឿងងាយស្រួលនោះឡើយ។
កាលពេលមានជម្លោះ កងទ័ពអាមេរិក និងអ៊ីស្រាអែល បានកំណត់គោលដៅលើផ្លូវថ្នល់ ច្រកចូលរូងភ្នំ និងហេដ្ឋារចនាសម្ព័ន្ធបាញ់បង្ហោះមីស៊ីល ក្នុងបំណងបង្អាក់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ច្រកចូលជាច្រើន ត្រូវបានកប់នៅក្រោមគំនរបែកបាក់ ហើយផ្លូវចូល ត្រូវបានខូចខាត ដោយសារការវាយប្រហារម្ដងហើយម្ដងទៀត។ ទោះជាយ៉ាងនេះក្ដី គ្រាប់មីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានរក្សាទុកយ៉ាងជ្រៅនៅក្រោមស្រទាប់ថ្មភ្នំ ដូច្នេះហើយទើបពួកវាអាចរួចផុតពីការវាយប្រហារបាន។
អ្នកជំនាញ បានប៉ាន់ប្រមាណថា អ៊ីរ៉ង់អាចនៅមានមីស៊ីលប្រហែល ១ ០០០គ្រាប់ រក្សាទុកក្នុងកន្លែងក្រោមដីទាំងនោះ ដែលទីតាំងជាច្រើន ត្រូវបានសាងសង់ឡើង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ក្នុងគោលបំណងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារតាមអាកាសបែបនេះ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានកំណត់ថា ការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ជាគោលដៅចម្បងនៃសង្គ្រាម ប៉ុន្តែរូបភាពផ្កាយរណបចុងក្រោយ បានបង្ហាញពីល្បឿននៃការជួសជុលដ៏លឿនគួរឱ្យកត់សម្គាល់។ នៅតាមមូលដ្ឋានមីស៊ីលមួយចំនួន គេឃើញក្រុមកម្មករសំណង់ កំពុងកាយកម្ទេចកម្ទេចកម្ទី ចាក់ដីបំពេញរណ្តៅគ្រាប់បែក និងសាងសង់ផ្លូវ ដែលខូចខាតឡើងវិញ។ នៅទីតាំងមួយក្បែរក្រុង Isfahan ដែលធ្លាប់រងការទម្លាក់គ្រាប់បែកជាច្រើនលើកច្រើនសា ពេលនេះមានឡានដឹកដី និងគ្រឿងចក្រ កំពុងបើកច្រកចូលឡើងវិញយ៉ាងសស្រាក់សស្រាំ។
គួររំលឹកថា ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្លាប់បាននិយាយថា អ៊ីរ៉ង់នឹងជួបការលំបាក ក្នុងការជំនួសគ្រឿងបាញ់បង្ហោះមីស៊ីលដែលបានខូចខាត និងពិបាកស្តារឧស្សាហកម្មការពារជាតិរបស់ខ្លួនឡើងវិញ។ យ៉ាងណាមិញ ការវាយតម្លៃខាងផ្នែកស៊ើបការណ៍សម្ងាត់លើកនេះ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន អ៊ីរ៉ង់បានចាប់ផ្តើមស្តារផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឡើងវិញបានយ៉ាងលឿន ដែលនេះគឺផ្ទុយនឹងការអះអាងរបស់សហរដ្ឋអាមេរិក៕




