Detail Top Banner – Conway

​​​​អ៊ីរ៉ង់ ​កាន់តែលែង​ទុកចិត្ត​​អាមេរិក ខណៈ ត្រាំ បញ្ជូន​​លក្ខខណ្ឌចរចាសន្តិភាព​ថ្មី​តឹងរ៉ឹង​​​ជាងមុន​

ប្រធានអ្នកចរចារបស់ប្រទេសអ៊ីរ៉ង់ បានព្រមាន​នៅ​ពីថ្ងៃ ទី៣១ ខែឧសភា ថា សហរដ្ឋអាមេរិកគឺជាភាគីដែលមិនអាចទុកចិត្តបានឡើយ ដោយ លោក បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នឹងមិនស្រប​លើកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ លុះត្រាតែកិច្ចព្រមព្រៀងនោះធានាបានពេញលេញនូវសិទ្ធិរបស់អ៊ីរ៉ង់។

លោក Mohammad Bagher Ghalibaf 

ការលើកឡើងរបស់ ប្រធានកុ្រម​ចរចា​អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលជា​ប្រធានសភា​​អ៊ីរ៉ង់​ផងនោះ បានធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនសេចក្តីព្រាងសំណើសន្តិភាពដ៏តឹងរ៉ឹងជាងមុន​​មួយ​ទៀត​ត្រឡប់ទៅឲ្យអ៊ីរ៉ង់វិញ ដែលនេះកាន់តែបង្ហាញឲ្យឃើញពីគម្លាតខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដែលភាគីទាំងពីរត្រូវតែដោះស្រាយ។

សារព័ត៌មាន New York Times និង Axios បានរាយការណ៍​កាល​ចុង​សប្តាហ៍​​​នេះ​ ថា លោក ត្រាំ បានបញ្ជូនក្របខ័ណ្ឌ​​ចរចា​ថ្មីមួយដែល «តឹងរ៉ឹងជាងមុន» ត្រឡប់ទៅឲ្យអ៊ីរ៉ង់ពិនិត្យ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានទម្លាយឲ្យដឹងច្បាស់លាស់ក៏ដោយ។ លោកត្រាំ បានថ្លែងថា អាទិភាពរបស់លោក រួមមានការរារាំងអ៊ីរ៉ង់មិនឲ្យបង្កើតអាវុធនុយក្លេអ៊ែរ និងការបើកច្រកផ្លូវនាវាចរណ៍ Hormuz ឡើងវិញ ដែលជាច្រកសមុទ្រដែលអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។

យ៉ាងណា ការកែសម្រួលបន្ថែមណាមួយលើសេចក្តីព្រាងនេះ អាចនឹងធ្វើឲ្យមានការពន្យារពេលកាន់តែយូរថែមទៀត ក្នុងការឈានទៅរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាផ្លូវការ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីការចរចាដ៏តានតឹងអស់រយៈពេលជាច្រើនសប្តាហ៍ ដែលពោរពេញទៅដោយការប្រើប្រាស់សម្តីវាយប្រហារគ្នា និងការផ្ទុះហិង្សាមកជាហូរហែ។

តាមពិតទៅ អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការចរចាជាមួយអាមេរិកអំពីវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរួចទៅហើយកាលពីខែកុម្ភៈ ពោលគឺនៅមុនពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស និងមីស៊ីល ដែលបានកម្ទេចថ្នាក់ដឹកនាំជាន់ខ្ពស់ភាគច្រើនរបស់ទីក្រុងតេហេរ៉ង់។ ថ្វីបើអ៊ីរ៉ង់តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែបម្រើដល់វិស័យស៊ីវិលសុទ្ធសាធក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិច តែងតែសង្ស័យថា វាមានគោលបំណងអភិវឌ្ឍអាវុធទៅវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលស្និទ្ធនឹងរដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការដោះដូរយោបល់គ្នារវាងអ៊ីរ៉ង់ និងអាមេរិក ជុំវិញខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាដែលអាចកើតមាន គឺកំពុងបន្តធ្វើឡើង ដោយភាគីទាំងពីរតែងតែស្នើឲ្យមានការកែប្រែជាទៀងទាត់។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចជាស្ថាពរនៅឡើយទេ ហើយវាអាចទៅរួចដែលថា កិច្ចព្រមព្រៀងណាមួយទៀតសោធ ក៏អាចនឹងត្រូវទាត់ចោលផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner