កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសលីបង់ បានប្រកាសថា ក្រុមប្រដាប់អាវុធហេសបូឡា (Hezbollah) បានយល់ព្រមទទួលយកសំណើរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែល ជាថ្នូរនឹងការដែលអ៊ីស្រាអែល ត្រូវផ្អាកការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងត្បូងក្រុងបេរូត (Beirut) វិញ។

យោងតាមការផ្សាយរបស់ CNA នាថ្ងៃទី២មិថុនា ការព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកទើបតែមានកិច្ចសន្ទនាតាមទូរស័ព្ទយ៉ាងល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាជាមួយក្រុមហេសបូឡា។
តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតលីបង់ប្រចាំទីក្រុងវ៉ាស៊ីនតោន ក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលត្រូវតែបញ្ឈប់រាល់ការវាយប្រហារលើតំបន់ Dahiyeh ដែលជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ហើយជាការឆ្លើយតប ក្រុមហេសបូឡា ក៏ត្រូវទប់ចិត្តមិនបើកការវាយប្រហារណាមួយលើអ៊ីស្រាអែលវិញដូចគ្នា។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា លោកបានបញ្ចុះបញ្ចូលឱ្យភាគីទាំងពីរបន្ថយភាពតានតឹង ហើយសង្ឃឹមថា ពួកគេនឹងឈប់វាយតប់គ្នាជារៀងរហូត។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា បើហេសបូឡានៅតែមិនព្រមឈប់បាញ់ប្រហារលើទីក្រុង និងប្រជាជនរបស់ខ្លួន អ៊ីស្រាអែលនឹងបន្តកម្ទេចគោលដៅភេរវកម្ម នៅក្នុងក្រុងបេរូតបន្តទៀត។

ដំណឹងនៃការចរចាសន្តិភាពនេះ បានលេចឡើង ចំពេលដែលស្ថានការណ៍នៅលើសមរភូមិជាក់ស្ដែង កំពុងតែឡើងកម្តៅខ្លាំង។ កាលពីព្រឹកថ្ងៃចន្ទ មុនពេលមានការប្រកាសពីកិច្ចព្រមព្រៀងនេះ កងទ័ពអ៊ីស្រាអែល បានព្រមាន និងបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើតំបន់ជាច្រើននៅភាគខាងត្បូងលីបង់ ដែលក្នុងនោះថែមទាំងបានបំផ្លាញមន្ទីរពេទ្យមួយកន្លែង និងបានសម្លាប់បុរសម្នាក់ ព្រមទាំងកូនប្រុសស្រីពីរនាក់ ដែលកំពុងធ្វើដំណើរត្រឡប់មកពីប្រឡងសាកលវិទ្យាល័យទៀតផង។ ភាពវឹកវរនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរយនាក់រត់ភៀសខ្លួនទាំងស្លន់ស្លោ។ ផ្អែកតាមទិន្នន័យពីក្រសួងសុខាភិបាលលីបង់ ការវាយប្រហារសងសឹកគ្នា ចាប់តាំងពីដើមខែមីនាមក បានសម្លាប់មនុស្សអស់ជាង ៣ ៤០០នាក់ទៅហើយ ខណៈខាងកងទ័ពអ៊ីស្រាអែល ក៏បានបាត់បង់ជីវិតទាហានចំនួន ២៧នាក់ផងដែរ។
ដ្បិតមានការព្រមព្រៀងជាគោលការណ៍តាមរយៈលោក ដូណាល់ ត្រាំ ក៏ដោយ ក៏ការបាញ់បោះគ្នានៅតែបន្តកើតមាននៅឡើយ ដោយភាគីទាំងសងខាង តែងតែទម្លាក់កំហុសដាក់គ្នាថា ជាអ្នករំលោភកិច្ចព្រមព្រៀងឈប់បាញ់មុន។ យ៉ាងណាមិញ ពិភពលោក កំពុងអន្ទះសាររង់ចាំមើលលទ្ធផលនៃការចរចាដោយផ្ទាល់ ជុំទីបួនរវាងអ៊ីស្រាអែល និងលីបង់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ដោយសង្ឃឹមថានឹងអាចស្វែងរកសន្តិភាពពិតប្រាកដមួយ សម្រាប់តំបន់ទាំងមូល៕


