Detail Top Banner – Conway

វៀតណាម​បង្កើន​ការបង្ក្រាប​លើការរំលោភកម្មសិទ្ធិ​បញ្ញា ខណៈ​​អាមេរិក​បើក​ការស៊ើបអង្កេត​ពាណិជ្ជកម្ម

ប្រទេសវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង​ប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកម្មសិទ្ធិបញ្ញា (IP) ដោយដាក់ចេញវិធានការអនុវត្តថ្មីៗ​ប្រឆាំងនឹងទំនិញក្លែងក្លាយ ការរំលោភបំពានលើពាណិជ្ជសញ្ញា និងការលួចចម្លងឌីជីថល ខណៈ​ប្រទេសនេះកំពុងប្រឈមមុខនឹងការស៊ើបអង្កេត និង​​ឃ្លាំមើល​កាន់តែខ្លាំងឡើងៗពីសហរដ្ឋអាមេរិកលើ​បញ្ហាពាក់ព័ន្ធនឹង​កម្មសិទ្ធិបញ្ញា។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីពេលថ្មីៗ។

នៅទីក្រុងហូជីមិញ អាជ្ញាធរវៀតណាម​បានចាប់ផ្តើមយុទ្ធនាការបង្រ្កាប​ដ៏ធំមួយដែលផ្តោតលើផលិតផលក្លែងក្លាយ និងផលិតផល​លួចចម្លងដែលដាក់លក់តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក បណ្តាញ​សង្គម និងបណ្តាញលក់ផ្សាយផ្ទាល់។ មន្ត្រីវៀតណាម​ផ្តោតលើទំនិញដែលមានហានិភ័យខ្ពស់ដូចជា គ្រឿងសម្អាង ឱសថ អាហារបំប៉ន ផលិតផលទឹកដោះគោ និងទំនិញប្រើប្រាស់ផ្សេងទៀត ដែលត្រូវបានគេ​ក្លែងបន្លំជាញឹកញាប់។

យុទ្ធនាការដដែល​ក៏នឹងកំណត់គោលដៅការរំលោភបំពានដែលពាក់ព័ន្ធនឹងពាណិជ្ជសញ្ញាដែលបានការពារ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងការលួចចម្លងតាមអ៊ិនធឺណិត រួមទាំងគេហទំព័រដែលចែកចាយខ្សែភាពយន្តលួចចម្លង តន្ត្រី ហ្គេមវីដេអូ និងសេវាកម្មផ្សាយតាមអ៊ិនធឺណិតខុសច្បាប់។ បើតាម Tuoi Tre ក្រុមការងារពិសេសមួយដឹកនាំដោយថ្នាក់ដឹកនាំទីក្រុង និងគាំទ្រដោយប៉ូលិស ​អាជ្ញាធរ​ត្រួតពិនិត្យទីផ្សារ តុលាការ និងភ្នាក់ងារនិយតកម្ម ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៦។

គួរគូសបញ្ជាក់ថា ការបង្ក្រាប​របស់វៀតណាម​ធ្វើឡើងដើម្បី​ឆ្លើយតបទៅនឹង «ការស៊ើបអង្កេត​តាម​មាត្រា​ ៣០១ ក្រោមច្បាប់ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤​» ​របស់​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្រោយអាមេរិកកំណត់វៀតណាមជា «ប្រទេសបរទេសអាទិភាព» ដែលត្រូវត្រួតពិនិត្យជុំវិញ​បញ្ហា​កម្មសិទ្ធិបញ្ញា​។

ឆ្លើយតបទៅនឹងចំណាត់ការរបស់អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Pham Thu Hang បានថ្លែងកាលពីថ្ងៃសៅរ៍ថា ការពង្រឹងការការពារច្បាប់កម្មសិទ្ធិបញ្ញា នៅតែជាគោលនយោបាយ​ស្នូលរបស់រដ្ឋាភិបាល។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ការពង្រឹងការការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា គឺជាគោលនយោបាយស្របគ្នារបស់វៀតណាម ដែលមានគោលបំណងកសាងបរិយាកាសវិនិយោគ និងអាជីវកម្មដែលមានតម្លាភាព និងមានសុខភាពល្អ គាំទ្រការច្នៃប្រឌិត និងអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិយ៉ាងពេញលេញ»។

លោកស្រី Hang បានបន្ថែមថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា​អាមេរិក​នឹងធ្វើ «ការវាយតម្លៃដោយគោលបំណង និងយុត្តិធម៌​» ដែលទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាម​៕

ព័ត៌មានទាក់ទង
×
Popup Banner