Detail Top Banner – Conway

អគ្គិភ័យ​ដ៏​ធំ​នៅ​ឥណ្ឌូណេស៊ី ​​បំផ្លាញ​ផ្ទះ​​ ២៥០​ខ្នង ​មនុស្ស​៣នាក់​របួស​​ និង​ជម្លៀស​ ៣០០គ្រួសារ​

អគ្គិភ័យ​ដ៏ធំ​ បាន​ឆាបឆេះតំបន់​លំនៅ​ដ្ឋាន​​ដែល​មាន​ប្រជាជនរស់​នៅ​ច្រើនកុះករមួយ​កន្លែង​ កណ្តាលទីក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូណេ​ស៊ី នៅ​យប់ថ្ងៃចន្ទ បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស និងគ្រួសាររាប់រយ​ត្រូវ​ជម្លៀស​។

យោង​តាម​សារព័ត៌មាន​អង់​គ្លេស The Independent ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៦ ទីភ្នាក់ងារ​ពន្លត់អគ្គិ​ភ័យ និងជួយសង្គ្រោះ​​ក្រុង​ហ្សាកាតា បាន​ឲ្យ​ដឹង​​​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះនៅ​ម៉ោងប្រហែល ៨:៥៥នាទី​យប់ (ម៉ោង​ក្នុង​ស្រុក​) ក្នុងសង្កាត់ Kebon Kosong ស្រុក Kemayoran ​រដ្ឋធានីឥណ្ឌូណេស៊ី។​

ភ្លើង​ឆេះ​ផ្ទះ​នៅ​ឥណ្ឌូណេស៊ី​ កាល​ពី​យប់​ថ្ងៃ​ចន្ទ

យ៉ាង​ណាមិញ អគ្គិភ័យ​បានរាលដាល​យ៉ាងឆាប់រហ័សពាសពេញ​តំបន់មនុស្សរស់នៅច្រើនកុះ​ករ ដោយលេបត្របាក់ផ្ទះ​រាប់រយ​ខ្នង។ ប៉ូលិសឥណ្ឌូណេ​ស៊ី បាន​​ឲ្យ​ដឹង​​ថា អគ្គិភ័យ​បានបំផ្លាញផ្ទះប្រហែល​ ២៥០ខ្នង និង​ជម្លៀស​គ្រួសារ​ចំនួន ៣០០គ្រួសារ​។

ប៉ូលិសបន្ថែម​ថា អគ្គិភ័យ​បាន​​ចាប់ផ្តើម​​ឆេះ​​​​ដំបូង​លើ​​ផ្ទះ​​ពីរ​ខ្នងប៉ុណ្ណោះ​ មុន​ពេល​​រាលដាល​យ៉ាង​ឆាប់រហ័ស​​ពាសពេញ​តំបន់​ដ៏​​ធំ​មួយ​។

ប៉ូលិសនៅ​តំបន់កណ្តាលទីក្រុងហ្សាកាតា​បាន​ដាក់ពង្រាយមន្ត្រី​ចំនួន ​២០០នាក់ ដើម្បីជួយដល់ការ​ជម្លៀសនិងធានាសុវត្ថិភាព​តំបន់នោះ ​ខណៈរថយន្តពន្លត់អគ្គិភ័យ​ជាង ២៥គ្រឿងបាន​ប្រយុទ្ធនឹង​អណ្តាតភ្លើង​។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​បានឆាបឆេះ​អស់រយៈពេលជាង​ពីរ​ម៉ោង មុន​ពេលក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបាន​នៅម៉ោង​ជិត​ ១១:៣០នាទី​យប់។ អាជ្ញាធរថា ប្រតិបត្តិការ​ស្វែងរក និងជួយសង្គ្រោះបាន​បន្តពេញមួយ​យប់ ហើយត្រូវបាន​បញ្ចប់នៅម៉ោងប្រហែល ៤ព្រឹក​ថ្ងៃអង្គារ។​

វីដេអូពីលើ​អាកាស​បង្ហាញពីអណ្តាតភ្លើង​កំពុងឆាបឆេះពាសពេញ​តំបន់ធំមួយ ដោយ​មានផ្សែងក្រាស់ៗ​ហុយ​​​លើ​ទីក្រុង។

រូបភាព​ថតនៅព្រឹកថ្ងៃអង្គារ​បង្ហាញ​ជួរ​ផ្ទះ និងហាងដែល​ឆេះអស់​ច្រើនខ្នង ខណៈប្រជាជន​កំពុង​ស្វែងរករបស់របរ​ ​នៅ​សល់​បន្ទាប់​ពី​ភ្លើង​ឆេះ​​។

នាយកដ្ឋាន​ពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ​ទីក្រុងហ្សាកាតា និយាយ​ថា ​អគ្គិភ័យ​នេះ​សង្ស័យ​ថា​បណ្តាលមកពីការដាច់​ចរន្តអគ្គិសនី​​ក្នុងផ្ទះមួយ​ មុន​ពេល​ឆាប​ឆេះ​ខ្លាំង​៕

ព័ត៌មានទាក់ទង
×
Popup Banner