សង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែឆេះរាលដាលខ្លាំងឡើង ដោយនៅព្រលឹមស្រាងៗនាថ្ងៃពុធ ទី៣ ខែមិថុនា នេះ ការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ បានហោះទៅបុកចំគោលដៅ និងផ្ទុះយ៉ាងពេញទំហឹង នៅឯព្រលានយន្តហោះអន្តរជាតិគុយវ៉ែត។

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋគុយវ៉ែត ដែលត្រូវចុះផ្សាយដោយរ៉យទ័រ និង CNN ហេតុការណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យមនុស្សមួយចំនួនរងរបួស និងបង្ខំឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រកាសផ្អាក ព្រមទាំងបង្វែរទិសដៅហោះហើររបស់យន្តហោះទាំងអស់ជាបន្ទាន់ ដើម្បីសុវត្ថិភាព។ ប្រភពដដែល បានបន្តថា កម្លាំងផ្ទុះ បានបំផ្លិចបំផ្លាញអគារអ្នកដំណើរទី១ (T1 Building) នៃព្រលានយន្តហោះទាំងមូល ឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។
មុនពេលមានការវាយប្រហារចំគោលដៅនៅគុយវ៉ែតនេះ កងទ័ពសហរដ្ឋអាមេរិក បានឱ្យដឹងថា អ៊ីរ៉ង់បានព្យាយាមបាញ់មីស៊ីលសំដៅទៅប្រទេសជិតខាងជាច្រើន ក្នុងតំបន់។ នៅក្នុងនោះ មានមីស៊ីលចំនួនពីរគ្រាប់ ដែលបាញ់តម្រង់ទៅគុយវ៉ែត បានធ្លាក់ ឬក៏ផ្ទុះពាក់កណ្តាលផ្លូវ មុននឹងទៅដល់គោលដៅ។ ជាមួយគ្នានោះដែរ មីស៊ីលចំនួនបីគ្រាប់ផ្សេងទៀត ដែលអ៊ីរ៉ង់បាញ់សំដៅទៅប្រទេសបារ៉ែន ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលនៅលើអាកាសដោយជោគជ័យ ពីសំណាក់កងកម្លាំងការពាររួមគ្នារបស់សហរដ្ឋអាមេរិក និងបារ៉ែន។ បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែអ៊ីរ៉ង់ បានបើកការបាញ់ប្រហារមីស៊ីលបាលិស្ទិកជាច្រើនគ្រាប់ ទៅលើប្រទេសជិតខាងក៏ដោយ ក៏ភាគច្រើននៃអាវុធទាំងនោះ បានបរាជ័យ ក្នុងការវាយប្រហារចំគោលដៅ។
ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហាររបស់អ៊ីរ៉ង់ កងទ័ពសហរដ្ឋអាមេរិកមិនបាននៅស្ងៀមឡើយ ដោយពួកគេបានបើកប្រតិបត្តិការវាយបកភ្លាមៗ ដោយការទម្លាក់គ្រាប់បែក និងវាយប្រហារយ៉ាងចាស់ដៃទៅលើកោះ Qeshm របស់អ៊ីរ៉ង់ ដែលជាទីតាំងយុទ្ធសាស្ត្រយោធាដ៏សំខាន់មួយ។ យោធាអាមេរិក បានប្រកាសថា យុទ្ធនាការវាយបកនេះ បានទទួលជោគជ័យ ក្នុងការកម្ទេច និងទប់ទល់នូវរលកមីស៊ីលបាលិស្ទិក ព្រមទាំងដ្រូនជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ មិនឱ្យបន្តធ្វើសកម្មភាពតទៅទៀតបានឡើយ៕


