Detail Top Banner – Conway

រដ្ឋសភាអាមេរិក អនុម័តសេចក្តីសម្រេច ឈប់ឲ្យលោក ត្រាំ ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

ទីបំផុត រដ្ឋសភាអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តមួយ ស្តីពីអំណាចសង្គ្រាម ដើម្បីបង្ខំឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ និងកម្រិតរាល់សកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ 

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦, សេចក្តីសម្រេចនេះ បានអនុម័តក្រោយការបោះឆ្នោតគាំទ្រក្នុងសំឡេង ២១៥ ទល់នឹង ២០៨ ហើយអ្វីគួរឲ្យកត់សម្គាល់គឺថា មានសមាជិកខាងគណបក្សសាធារណរដ្ឋ ចំនួន៤រូប បានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលនេះជាបរាជ័យដ៏ធំ សម្រាប់លោក ត្រាំ។

សេចក្តីសម្រេចនេះ មានន័យថា លោកត្រាំ ត្រូវដកទ័ពអាមេរិក ចេញពីការប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលកំណត់ ហើយប្រធានាធិបតី មិនអាចបើកការវាយប្រហារយោធា ឬពង្រីកប្រតិបត្តិការយោធាបន្ថែមទៀតបានទេ លុះត្រាតែមានការប្រកាសសង្គ្រាមជាផ្លូវការ ឬទទួលការអនុញ្ញាតច្បាស់លាស់ ពីសភា ជាមុនសិន។

ចំពោះមូលហេតុនៅពីក្រោយរឿងនេះ គឺថា សមាជិកសភា កាន់តែព្រួយបារម្ភខ្លាំងទៅៗ អំពីថ្លៃសង្គ្រាម ដែលចំណាយអស់ជាង ១០០ ពាន់លានដុល្លារទៅហើយ ព្រមទាំងការកើនឡើង នូវតម្លៃប្រេងឥន្ធនៈ និងផលរំខាន ដល់ការដឹកជញ្ជូនប្រេង តាមច្រកសមុទ្រ Hormuz។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ 

ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតអនុម័តដោយរដ្ឋសភាហើយមែន ប៉ុន្តែសេចក្តីសម្រេចនេះ ក៏ត្រូវតែបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យដែរ និងត្រូវបោះឆ្នោតអនុម័ត មួយដំណាក់កាលទៀត។

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។

អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក៕

ព័ត៌មានទាក់ទង
×
Popup Banner