អតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់ប្រទេសគុយបា លោក Raul Castro បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង បន្ទាប់ពីលោកត្រូវបានតុលាការសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទឃាតកម្មកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦។

ទូរទស្សន៍រដ្ឋគុយបា កាលពីថ្ងៃសុក្រ បានផ្សាយថា លោក Castro បានចូលរួម ក្នុងពិធីអបអរសាទរមួយរបស់ក្រសួងមហាផ្ទៃ នៅក្នុងទីក្រុងឡាហាវ៉ាន យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយពីសម្ពាធផ្លូវច្បាប់របស់អាមេរិកឡើយ។
ការបង្ហាញខ្លួននេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាក់កំហុស និងចោទប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិគុយបារូបនេះថា ជាអ្នកបញ្ជាឲ្យយន្តហោះចម្បាំងគុយបាបាញ់ទម្លាក់យន្តហោះស៊ីវិល ដែលបើកដោយក្រុមជនភៀសខ្លួនគុយបា កាលពីឆ្នាំ១៩៩៦។ ការចោទប្រកាន់នេះ ត្រូវបានគេមើលឃើញថា ជាការបង្កើនសម្ពាធយ៉ាងខ្លាំងក្លាមួយកម្រិតទៀតពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ទៅលើរដ្ឋាភិបាលកុម្មុយនិស្តនៃដែនកោះគុយបា។
មេដឹកនាំជើងចាស់រូបនេះ ទើបតែបានប្រារព្ធពិធីខួបកំណើតឈានចូលវ័យ ៩៥ឆ្នាំ កាលពីថ្ងៃពុធកន្លងទៅ។ មុនពេលមានការប្រកាសចោទប្រកាន់ពីបទឃាតកម្មនោះ គេបានឃើញលោកបង្ហាញខ្លួនជាសាធារណៈចុងក្រោយបង្អស់ គឺនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នៅក្នុងទីក្រុងឡាហាវ៉ាន កាលពីមួយខែមុន។
គួររំឮកផងដែរថា មុនពេលចូលរួមទិវាពលកម្មនោះ លោក Castro បានបាត់មុខពីសាធារណជនមួយរយៈធំ តាំងពីថ្ងៃទី១៥ ខែមករាមកម្ល៉េះ។ កាលណោះ លោកបានចូលរួមក្នុងពិធីជាផ្លូវការមួយនៅក្នុងរដ្ឋធានី ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានគុយបាចំនួន ៣២នាក់ ដែលបានពលីជីវិត នៅក្នុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)៕


