Detail Top Banner – Conway

រកឃើញជនបរទេសជាង១ពាន់នាក់ លើ១០០ទីតាំងផ្សេងគ្នា ខណៈពីរករណីសង្ស័យជាប់ពាក់ព័ន្ធបទល្មើស ONLINE SCAMS

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ ក្រុមការងារ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន​១០០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១.០៦៣នាក់ (ស្រី ៣៨១នាក់ )គ្មានលិខិតឆ្លងដែនចំនួន៦នាក់។ ក្នុងចំណោម១០០ទីតាំងនេះ ក្នុងនោះ ក្រុមការងារបានពិនិត្យ ឃើញមានទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណី។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹក ថ្ងៃទី០៦ ខែមិថុនានេះ។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ករណីនេះ គឺនៅផ្ទះវីឡា ស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន១៧នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម១៣នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ៣៤គ្រឿង កុំព្យូទ័រ (All In One និង Laptop) ១៥៦គ្រឿង កាំភ្លើងខ្លី ១ដើម ទូដែក ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង លិខិត ឆ្លងដែន ១ក្បាល ស៊ីមកាត អន្តរជាតិ១ និងសម្ភារៈមួយចំនួនធំ។ នៅផ្ទះលេខ៩១ ផ្លូវលេខP១០D គម្រោងប៉ូឡារីស២ បុរីប៉េងហួត ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័ យជនជាតិវៀតណាម ចំនួន ២៥នាក់ (ស្រី ៣នាក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន លិខិតឆ្លងដែន ៦ក្បាល និងសម្ភារៈបម្រើឱ្យបទល្មើសមួយចំនួន។

តាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។

លោកស្រី ដោ សម្ផស្ស បានបន្តថា ដោយឡែកនៅខណ្ឌកំបូល ក្រុមការងារបង្រ្កាបបានរកឃើញករណីសង្ស័យរក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី នៅបុរី MH០១ គម្រោង៥ ផ្ទះលេខ១១០ ផ្លូវលេខ០៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល ឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងសម្ភារៈរួមមាន ទូរស័ព្ទចំនួន ០៩គ្រឿង, កុំព្យូទ័រ ពណ៌ទឹកក្រូចចំនួន ០១គ្រឿង,អាវុធខ្លីម៉ាក ZORAKI M906-TDចំនួន ០១ដើម, បង់អាវុធចំនួន ០១បង់, គ្រាប់ចំនួន ០៦គ្រាប់ និងសម្ភារពាក់ព័ន្ធមួយចំនួន។ ករណីនេះ ជនសង្ស័យ និងសម្ភារៈខាងលើប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។

ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល រីឯនៅខណ្ឌចំការមន ក្រុមការងារ  ១-ចុះត្រួតពិនិត្យចំនួន ១ទីតាំង គឺអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្នុងនោះពិនិត្យ ឃើញមានជនបរទេស ស្នាក់នៅចំនួន ៥៤៩នាក់ (ស្រី២៣១) គ្មានលិខិតឆ្លង ដែនចំនួន៣នាក់។ ក្នុងនោះ ក្រុមការងារបានពិនិត្យឃើញមានទីតាំងប្រព្រឹ ត្តបទល្មើស ចំនួន ២ករណី ៖ -នៅអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធ នឹង ករណីរស់នៅខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ ដើម្បីបន្ដនីតិវិធី។

បច្ចុប្បន្នជនសង្ស័ និងសម្ភារៈត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ចំណែកនៅក្នុងរដ្ឋបាលខណ្ឌមានជ័យវិញ ក្រុមការងារបាន
ពិនិត្យឃើញមានទីតាំងប្រព្រឹត្តបទល្មើស ចំនួន ១ករណី នៅក្លឹបបុកប៊ីយ៉ា ស៊ី អេស ៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៣នាក់ ដកហូតវត្ថុតាង រួមមាន តុហ្គេមបាញ់ត្រី២ តុចែកបៀរ៧ ទូម៉ាស៊ីនហ្គេម៣ លុយបរទេស ៧.០៤០ដុល្លារ និងលុយខ្មែរ ៣៦០.០០០រៀល។

តាមការធ្វើកោសល្យវិច័យលើសម្ភារៈ វត្ថុតាង ឧបករណ៍អេឡិចត្រូនិចរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋាន បានថាទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់។

បច្ចុប្បន្ន ទីតាំងត្រូវបានបិទឃ្លុំ ចំពោះជនសង្ស័យ និងសម្ភារៈ ត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី៕

 

ព័ត៌មានទាក់ទង
×
Popup Banner