ដ្រូនផ្ទុះលើកទី២នៅរូម៉ានី ធ្វើឲ្យអឺរ៉ុបយល់ថា ភាគខាងកើតទ្វីបអឺរ៉ុបកាន់តែរងការគំរាមកំហែង
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បង្ហាញសាមគ្គីភាពនៅជាមួយប្រទេសរូម៉ានីដែលជាសមាជិកណាតូ បន្ទាប់ពីដ្រូនមួយគ្រឿងបាញ់ចូលក្នុងកំពង់ផែ Constanța បង្កឱ្យផ្ទុះ នៅភាគខាងកើតប្រទេសនេះកាលពីព្រឹកថ្ងៃសុក្រ មួយសប្តាហ៍ បន្ទាប់ពីដ្រូនរបស់រុស្ស៊ីមួយគ្រឿងវាយប្រហារអគារលំនៅឋានក្នុងទីក្រុង Galați នៃប្រទេសរូម៉ានី។ យោងតាមសារព័ត៌មាន Euro News។
លោកស្រី der Leyen បង្ហោះសារលើបណ្តាញសង្គម X ថា៖ « ហេតុការណ៍នេះគឺជាផលវិបាកដោយផ្ទាល់នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហេតុការណ៍មួយនេះកំពុងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់ប្រទេសនានា នៅតាមព្រំដែនភាគខាងកើតរបស់យើង[អឺរ៉ុបខាងកើត]»។

លោកស្រី បន្ថែមថា៖ « ការសាមគ្គីភាពរបស់យើង ដាច់ខាតគឺនៅជាមួយរដ្ឋសមាជិកទាំងអស់ដែលប្រឈមនឹងការគំរាមកំហែង ហើយការឆ្លើយតបរបស់យើងត្រូវតែសមមាត្រគ្នានឹងភាពបន្ទាន់»។
ក្រសួងការពារជាតិ រូម៉ានីនិយាយថា៖ « ដ្រូននៅតាមបណ្តោយសមុទ្រមិនមែនជាផ្នែកណាមួយនៃឧបករណ៍យោធារបស់កងទ័ពរូម៉ានីទេ ហើយក៏មិនបានចូលរួមក្នុងសមយុទ្ធថ្មីៗ ក្នុងតំបន់សមុទ្រខ្មៅដែរ។ វាបានផ្ទុះដោយខ្លួនឯង នៅម៉ោង ១០:៣០នាទី តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ»។
ដោយឡែក លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានបង្ហាញការសាមគ្គីភាពពេញលេញសម្រាប់ប្រទេសនៅផ្នែកខាងកើតនៃទ្វីបអឺរ៉ុប ដែលជាតំបន់មួយរងការរង្គោះរង្គើដោយការឈ្លានពានរបស់ដ្រូនថ្មីៗនេះ។ លោកសរសេរបណ្តាញសង្គមលើ X ថា៖ « សហភាពអឺរ៉ុបថ្កោលទោសលើការរំលោភបំពានម្តងហើយម្តងទៀត ក្នុងដែនអាកាសរបស់រដ្ឋជាសមាជិក និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំយើង ចំពោះសន្តិសុខរបស់រដ្ឋជាសមាជិកទាំងអស់»។
មិនខុសគ្នាប៉ុន្មាន លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ គាំទ្រលើការសាមគ្គីភាព។
លោកស្រី Kallas សរសេរលើបណ្តាញសង្គម X ថា៖ « ការទទួលខុសត្រូវចុងក្រោយ ចំពោះអ្វីដែលបានកើតឡើងគឺស្ថិតលើប្រទេសរុស្ស៊ី។ ដូចដែល លោក ហ្សេលេនស្គី ប្រាប់ លោក ពូទីន នៅក្នុងលិខិតចំហមួយកាលពីម្សិលមិញថា ទីក្រុងមូស្គូអាចបញ្ឈប់សង្គ្រាមនេះបានគ្រប់ពេល។ សប្តាហ៍ក្រោយ រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនឹងពិភាក្សាអំពីរបៀបបង្កើនការគាំទ្របន្ថែមទៀត ចំពោះអ៊ុយក្រែន និងបង្កើនការត្រៀមខ្លួនការពារជាតិរបស់សហភាពអឺរ៉ុប»៕


