Detail Top Banner – Conway

លោក Yoon ត្រូវកាត់ទោសឱ្យជាប់គុក ៣០ឆ្នាំថែមទៀត រឿងបញ្ជូនដ្រូនទៅកូរ៉េខាងជើង

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំបន្ថែមទៀត នាថ្ងៃសុក្រ ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ ជុំវិញការចោទប្រកាន់ពីបទបញ្ជូនដ្រូនយោធាឱ្យហោះចូលទឹកដី​កូរ៉េ​ខាង​ជើង ដើម្បីបង្កើតជាលេសក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលបានបរាជ័យ កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

លោក Yoon Suk Yeol 

តាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Yonhap តុលាការ​ក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទរំលោភអំណាច និងជួយសត្រូវ ដោយតុលាការបញ្ជាក់ថា លោកបានឃុបឃិតគ្នា ក្នុងការបញ្ជូនដ្រូនលបចូលទឹកដីកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។ យ៉ាង​ណាមិញ លោក Yoon បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ខណៈក្រុមមេធាវីរបស់លោក បានការពារថា លោកមិនបានបញ្ជា ឬអនុម័តលើប្រតិបត្តិការដ្រូននោះទេ ហើយការបញ្ជូនដ្រូននោះទៀតសោត ក៏មិនពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកដែរ ពោលគឺគ្រាន់តែជាការឆ្លើយតបទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង ដែលបានបង្ហោះប៉េងប៉ោងផ្ទុកសំរាម​ចូលមកដីកូរ៉េខាងត្បូង អស់ជាច្រើនខែតែប៉ុណ្ណោះ។

សាលក្រមថ្មីនេះ បានក្លាយជាទណ្ឌកម្មបន្ថែមទៅលើទោសទណ្ឌជាបន្តបន្ទាប់ ប្រឆាំងនឹងអតីតមេដឹកនាំអភិរក្សនិយមរូបនេះ ហើយការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីពេលមុន បានរុញច្រាន​ប្រទេស​សេដ្ឋកិច្ចធំទីបួនរបស់អាស៊ី ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

គួររំលឹកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ តុលាការកូរ៉េខាងត្បូង ក៏បានកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគារមួយជីវិតរួចទៅហើយ ពីបទដឹកនាំការបះបោរពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកនេះឯង។

លោក Yoon Suk Yeol ត្រូវបានដក​ចេញពីតំណែងប្រធានាធិបតី កាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញ បានអនុម័តលើការចោទប្រកាន់ទម្លាក់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗ ហើយត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយមបច្ចុប្បន្ន គឺលោក Lee Jae Myung៕

ព័ត៌មានទាក់ទង
×
Popup Banner