Detail Top Banner – Conway

រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លាលែង​ពី​តំណែង ដោយ​ចោទ​ នាយករដ្ឋមន្ត្រី​ ថា មិនផ្តល់​ថវិកាការពារជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey កាលពីថ្ងៃទី១១ ខែមិថុនា បានសម្រេចចិត្ត​លាលែងពីតំណែង ជុំវិញជម្លោះ​អូសបន្លាយជាច្រើនខែ ពាក់ព័ន្ធនឹងការចំណាយលើវិស័យយោធា ដោយ លោកចោទនាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Keir Starmer ថា បានបរាជ័យក្នុងការផ្តល់កញ្ចប់ថវិកាចាំបាច់ដល់​វិស័យ​ការពារ​ជាតិ ពីការគំរាមកំហែងដែលកំពុងកើនឡើង។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey

យោងតាម Reuters, ការលាលែងពីតំណែងនេះ អមដោយការរិះគន់យ៉ាងចាស់ដៃទៅលើនាយករដ្ឋមន្ត្រី គឺជាសញ្ញាមួយទៀតដែលបង្ហាញថា អំណាចដឹកនាំរបស់ លោក Starmer កំពុងតែធ្លាក់ចុះ និងបានលាតត្រដាងពីវិបត្តិ​ផ្ទៃក្នុង​ដ៏ធំមួយចំកណ្តាលបេះដូងនៃរដ្ឋាភិបាល ពោលគឺរឿង «ធ្វើដូចម្តេចដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ» នៅក្នុងស្ថានភាពដែលរដ្ឋមានថវិកាតិចតួចបំផុត ហើយកញ្ចប់ថវិកាសុខុមាល​ភាពសង្គមបែរជាបន្តកើនឡើង។

លោក Healey ដែលធ្លាប់ជារដ្ឋមន្ត្រីដ៏ស្មោះត្រង់មួយរូបពីមុនមក របស​់​នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ បានជាប់គាំងក្នុងការចរចាជាមួយលោក Starmer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Rachel Reeves ជុំវិញវិធីសាស្រ្ត​ស្វែងរកកញ្ចប់ថវិកាយោធាបន្ថែម ដែលជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការចេញផ្សាយ «ផែនការវិនិយោគការពារជាតិរបស់អង់គ្លេស» ដែលត្រូវកំណត់ចេញផ្សាយតាំងពីឆ្នាំមុន។

លោក Healey បានសរសេរនៅក្នុងលិខិតផ្ញើទៅកាន់លោក Starmer ថា «អ្នកមិនអាចធ្វើបានទេ ហើយក្រសួងហិរញ្ញវត្ថុមិនមានឆន្ទៈ ក្នុងការផ្តល់កញ្ចប់ថវិកាដែលជាតិត្រូវការ ដើម្បីការពារប្រទេសនោះឡើយ»។

យ៉ាងណា លោក Starmer បានឆ្លើយតបវិញតាមរយៈលិខិតមួយ ដោយសម្តែងការសោកស្តាយចំពោះការលាលែងពីតំណែងរបស់លោក Healey ហើយបានតែងតាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Dan Jarvis ឲ្យមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសវិញ។ ប៉ុន្តែនៅក្នុងពេលដំណាលគ្នានៃការតែងតាំងនោះ អនុរដ្ឋមន្ត្រីការពារជាតិម្នាក់គឺលោក Al Carns ក៏បានលាលែងពីតំណែងផងដែរ ដោយនិយាយថា ផែនការចំណាយថវិការបស់រដ្ឋភិបាលបច្ចុប្បន្ន មិនត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលយើងកំពុងប្រឈមមុខនោះទេ។

យ៉ាងណាមិញ ការលាលែងពីតំណែងដែលមិនធ្លាប់រំពឹងទុកទាំងនេះ គឺជាដុំថ្មដ៏ធំមួយទៀតបោកចំលោក Starmer ដែលទំនងជានឹងត្រូវប្រឈមមុខនឹងការប្រជែងដកតំណែងដឹកនាំរបស់លោកនៅក្នុងប៉ុន្មានខែខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់លោក Starmer គឺលោក Wes Streeting ក៏បានលាលែងពីតំណែងកាលពីខែមុនដែរ ដោយចោទនាយករដ្ឋមន្ត្រីថា ខ្វះចក្ខុវិស័យ ខណៈដែលអ្នកប្រជែងម្នាក់ទៀតគឺអភិបាលក្រុង Greater Manchester លោក Andy Burnham កំពុងព្យាយាមត្រឡប់មកឆាកនយោបាយជួរមុខវិញ ដើម្បីបើកការប្រជែងយកតំណែងដឹកនាំ៕

 

ព័ត៌មានទាក់ទង
×
Popup Banner