Detail Top Banner – Conway

អាជ្ញាធរក្រុងបាវិត ចុះពិនិត្យអាគារកាស៊ីណូ «ហ្គោដ ឡាក់» ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមានទាំងជនល្មើសមានដីកាចាប់ខ្លួនអន្តរជាតិ

កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scam នៅក្នុងបរិវេណកាស៊ីណូមួយកន្លែង ដោយឃាត់ខ្លួនជនបរទេសបានចំនួន ១៦៩នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ គោលដៅនៃការចុះត្រួតពិនិត្យនេះ គឺអគារចំនួន ៣ នៃកាស៊ីណូ «ហ្គោដ ឡាក់» (Good Luck) ដែលស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជាលទ្ធផល ក្រុមការងារបានរកឃើញ ជនបរទេសសរុបចំនួន ១៦៩នាក់ ស្រី ៥៦នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ៦៨នាក់ ស្រី ៣៧នាក់ ជនជាតិចិនចំនួន ៨៥នាក់ ស្រី ១៥នាក់ ជនជាតិឡាវ ៤នាក់ កូរ៉េ ៤នាក់ (រកឃើញ ២នាក់ មាននិវេទន៍ក្រហម) ម៉ាឡេស៊ី ស្រី ១នាក់ នេប៉ាល់ចំនួន ៣នាក់។ ក្នុងនោះ ជនជាតិកូរ៉េ ២នាក់ (រកឃើញ ២នាក់ មាននិវេទន៍ក្រហម) ត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្ត ដោយឡែក ចំពោះជនជាតិវៀតណាម ១៩នាក់ ស្រី ៨នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជនជាតិចិន ១នាក់ ព៉ំមានលិខិតឆ្លងដែន។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានបានបញ្ជូនអ្នកពាក់ព័ន្ធទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានទាក់ទង
×
Popup Banner