កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ រកឃើញបទល្មើស Online Scams ដែលលបលួចប្រព្រឹត្តក្នុងហាងលក់ទូរស័ព្ទមួយកន្លែង នៅខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស៣នាក់
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៤នាក់ (ស្រី៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។
នេះបើតាមការឲ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើស១ករណី នៅទីតាំងអាជីវកម្មលក់ទូរស័ព្ទ ឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះជនជាតិចិន១នាក់ និងជនជាតិខ្មែរ ២នាក់ (ស្រី១នាក់) ព្រមទាំងសម្ភាររួមមាន កុំព្យូទ័រ All in one ចំនួន៦២គ្រឿង, CPU ៩គ្រឿង, ម៉ូនីទ័រ ២៦គ្រឿង, ទូរស័ព្ទដៃ ៦៨២គ្រឿង និងLaptop ៥គ្រឿង។
ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំពោះសម្ភារខាងលើ ក្រុមការងារពុំបានដកហូតនោះទេ គឺសម្រេចបិទឃ្លុំទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ ដោយឡែកជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕



