Detail Top Banner – Conway

បទឈប់បាញ់នៅលីបង់ បើកផ្លូវឱ្យអាមេរិក-អ៊ីរ៉ង់ ចរចារឿងសន្តិភាព និងនុយក្លេអ៊ែរឡើងវិញ

បទ​ឈប់បាញ់គ្នារវាងអ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា កាលពីថ្ងៃសុក្រ បានបើកផ្លូវឱ្យលោក ដូណាល់ ត្រាំ បញ្ជូនបេសកជនពិសេសលោក Steve Witkoff ទៅប្រទេស​ស្វីសជាបន្ទាន់ ដើម្បីស្តារកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឡើងវិញ ក្រោយអាក់ខានដោយសារសង្គ្រាមនៅលីបង់។ នេះ​បើយោងតាមការ​ចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន Reuters នា​ថ្ងៃ​សៅរ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០២៦។

លោក ត្រាំ និងលោក Witkoff 

លោក ត្រាំ បានបង្ហើបថា លោកបាននិយាយបញ្ចុះបញ្ចូលឱ្យភាគីអ៊ីស្រាអែលយល់ព្រមផ្អាកសង្គ្រាម ដោយសង្កត់ធ្ងន់ថា «ជួនកាលយើងត្រូវរក្សាចិត្តឱ្យត្រជាក់ ហើយប្រើប្រាស់ខួរក្បាល ដើម្បីដោះស្រាយបញ្ហា»។

បទឈប់បាញ់នេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការនៅម៉ោង ៤រសៀល (ម៉ោងនៅលីបង់) ក្រោមការសម្របសម្រួលពីអាមេរិក កាតា និងអ៊ីរ៉ង់។ ទោះបីជាមានការវាយប្រហារតាមអាកាសខ្លះៗនៅម៉ោងដំបូងដែលបង្កឱ្យមានអ្នកស្លាប់ និងរបួសក្តី ក៏ស្ថានភាពក្រោយមកបានស្ងប់ស្ងាត់ទាំងស្រុង ដែលនេះជាលក្ខខណ្ឌដ៏សំខាន់ សម្រាប់ជំរុញ​កិច្ចព្រមព្រៀងសន្តិភាពជារួមរវាងអាមេរិក និងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ តម្លៃប្រេងនៅលើទីផ្សារពិភពលោក បានចាប់ផ្តើមធ្លាក់ថ្លៃចុះវិញ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឱ្យនាវាដឹកជញ្ជូនដំណើរការឡើងវិញជាធម្មតា។

តែ​ទោះ​ជាបែប​នេះក្ដី លោក ដូណាល់ ត្រាំ ក៏កំពុងរងការរិះគន់ពីសមាជិកសភាអាមេរិកមួយចំនួនថា លោកហាក់ទន់ជ្រាយ និងផ្តល់ផលចំណេញឱ្យអ៊ីរ៉ង់ច្រើនពេក តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលទុកពេល ៦០ថ្ងៃ ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងចុងក្រោយ។ ឆ្លើយតបនឹងការរិះគន់នេះ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ការពារជំហរខ្លួនឯងយ៉ាងដាច់អហង្ការថា សង្គ្រាមបានធ្វើឱ្យអ៊ីរ៉ង់ទន់ដៃអស់ហើយ ហើយពួកគេទេ ដែលជាអ្នកទ័លច្រកចង់មកចរចាជាមួយអាមេរិក។ លោកបានព្រមានចំៗថា អាមេរិកនឹងតាមដានមើលក្នុងរយៈពេល ៦០ថ្ងៃនេះ ហើយអ៊ីរ៉ង់នឹងមិនទទួលបានលុយសូម្បីតែមួយសេនឡើយ ប្រសិនបើ​ព្រមព្រៀងគ្នា​មិន​បាន​សម្រេច​នោះ៕

ព័ត៌មានទាក់ទង
×
Popup Banner