បង្ក្រាប Online Scams ខណ្ឌសែនសុខ រកឃើញអាវុធ និង សារធាតុសង្ស័យគ្រឿងញៀន នៅខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅក្នុងខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតនៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកឃើញជនសង្ស័យជនជាតិចិនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងអាវុធ និង សម្ភារសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាច្រើន។


ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យជនបរទេសស្នាក់នៅចំនួន ២២ បន្ទប់ ស្មើនឹង ២៤ នាក់ ក្នុងនោះ មានស្ត្រី ៧ នាក់។ ការត្រួតពិនិត្យឃើញថា ជនបរទេសភាគច្រើនមានលិខិតឆ្លងដែន និង ទិដ្ឋាការត្រឹមត្រូវ ស្របតាមច្បាប់ និង មិនមានការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនោះទេ។


ដោយឡែកនៅអគារ B នៃខុនដូខាងលើដដែល នៅបន្ទប់លេខ ១៦០៤ បានជួបជនជាតិចិនចំនួន ២ នាក់ ភេទប្រុស និង ដកហូតសម្ភារមួយចំនួនរួមមាន ៖ iPad ចំនួន ៤ គ្រឿង និង ទូរសព្ទដៃ ១ គ្រឿង។ បន្ថែមពីនេះ នៅបន្ទប់លេខ ២៤០២ កម្លាំងសមត្ថកិច្ច បានរកឃើញទូរសព្ទដៃចំនួន ១៣ គ្រឿង និង កុំព្យូទ័រយួរដៃ ១ គ្រឿង ដែលត្រូវបានសង្ស័យថា ជាវត្ថុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


ចំណែក លទ្ធផលត្រួតពិនិត្យ បន្ទប់លេខ ១៩០៤ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើនរួមមាន ៖ កាំភ្លើងខ្លីចំនួន ២ ដើម , គ្រាប់អាវុធខ្លីទំហំ ៩ មីលីម៉ែត្រ ចំនួន ៥១ គ្រាប់ , ម្សៅសក្រាមសង្ស័យជាសារធាតុញៀនចំនួន ២ កញ្ចប់ , ជញ្ជីងថ្លឹង ១ គ្រឿង , ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ ឈុត , ខ្នោះដៃដែក ១ គូ , កុំព្យូទ័រ Laptop Apple ១ គ្រឿង , ទូរសព្ទដៃ ២ គ្រឿង , លិខិតឆ្លងដែន ៣ ក្បាល , អត្តសញ្ញាណបណ្ណសញ្ជាតិចិន ៧ សន្លឹក , បណ្ណការងារជនបរទេស ៣ សន្លឹក , កាតធនាគារ ១០ សន្លឹក និង ត្រាសម្គាល់ក្រុមហ៊ុន ១។


ក្រោយការត្រួតពិនិត្យ និង ប្រមូលវត្ថុតាងរួច សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ២ នាក់ ព្រមទាំងដកហូតសម្ភារពាក់ព័ន្ធទាំងអស់ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការស៊ើបអង្កេត និង អនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ជាចុងក្រោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក៏បានសម្រេចបិទឃ្លុំជាបណ្ដោះអាសន្នបន្ទប់លេខ ១៦០៤ និង បន្ទប់លេខ ១៩០៤ នៃអគារ B ដើម្បីទុកជាកន្លែងរក្សាវត្ថុតាង និង បន្តការស្រាវជ្រាវរបស់សមត្ថកិច្ច៕


