Detail Top Banner – Conway

អាជ្ញាធរ បណ្តេញ ជនជាតិថៃ ៤៩ នាក់ ចេញពី កម្ពុជា ពាក់ព័ន្ធបទល្មើស Online Scams

ជនជាតិថៃប្រុស-ស្រី ចំនួន ៤៩ នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើស Online Scams។

ការប្រគល់-ទទួល និង បញ្ជូនចេញនូវជនជាតិថៃខាងលើធ្វើឡើងនាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី , លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត , លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ខាងភាគីថៃចាំទទួលដឹកនាំដោយលោកស្រី Varunee Mangkorn នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ជនជាតិថៃដែលត្រូវបានបណ្តេញចេញខាងលើ សរុបចំនួន ​៤៩ នាក់ ក្នុងនោះ ស្រី ១៨ នាក់ បានមកលួចលាក់ស្នាក់នៅ និង ប្រព្រឹត្តបទល្មើស Online Scams ខុសច្បាប់ នៅកម្ពុជា។ ក្នុងចំណោមជនជាតិថៃទាំង ៤៩ នាក់ មាន ៤៣ នាក់ ត្រូវបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ។ ចំណែក ៦ នាក់ទៀត ត្រូវបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល ៥ ឆ្នាំ៕

ព័ត៌មានទាក់ទង
×
Popup Banner