ស្របពេលស្ថានការណ៍ជាមួយអង្គការណាតូ កំពុងតានតឹងខ្លាំង ស្រាប់តែប្រទេសរុស្ស៊ី បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហោះលើដែនទឹកនៃតំបន់អាក់ទិក ក្នុងអ្វីដែលខ្លួន អះអាងថា ជាការហោះល្បាតតាមទម្លាប់ប៉ុណ្ណោះ។

តាមការផ្សាយរបស់ RT ដែលដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦, យន្តហោះ Tu-160 បានធ្វើបេសកកម្ម ហោះហើររយៈពេល១៦ម៉ោង លើតំបន់អាក់ទិក ដែលលាតសណ្ធឹងពីប្រទេសន័រវែស អ៊ីស្លង់ ទៅដល់កោះហ្គ្រីនឡែន ដោយមានការអមដំណើរ ពីសំណាក់យន្តហោះចម្បាំង MiG-31 ទៀតផង។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងពេលនោះ ក៏មានការធ្វើសមយុទ្ធ ចាក់សាំងយន្តហោះនៅលើអាកាសផងដែរ ហើយបេសកកម្មនេះ គឺធ្វើឡើងលើដែនទឹកអព្យាក្រឹត នៃសមុទ្រ Barents និងន័រវែស ដោយស្របតាមច្បាប់អន្តរជាតិ។

ការហោះហើរ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររុស្ស៊ី កើតឡើងចំពេលសភាពការណ៍ រវាងទីក្រុងមូស្គូ និងអង្គការណាតូ ឈានដល់កម្រិតតានតឹងខ្លាំង ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូ ម៉ាក រូតេ បានប្រកាស គាំទ្រសិទ្ធិរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើគោលដៅយោធាជ្រៅៗ ក្នុងទឹកដីរុស្ស៊ី ដើម្បីការពារខ្លួន។ ជាក់ស្តែង ទីក្រុងកៀវ បានប្រើប្រាស់ដ្រូនរាប់រយគ្រឿង វាយប្រហារលើទីក្រុងមូស្គូ និងរោងចក្រចម្រាញ់ប្រេង ជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ក្តៅស្លឹកត្រចៀកមិនស្ទើរនោះទេ។
លើសពីនេះ ណាតូ ក៏ចាប់ផ្តើមសមយុទ្ធផ្លូវអាកាសខ្នាតធំ Ramstein Flag 2026 នៅក្បែរព្រំដែនរុស្ស៊ី ផងដែរ ដែលទាញឲ្យមាន ប្រតិកម្មយ៉ាងខ្លាំងពីវិមានក្រឹមឡាំង និងប្រកាសចាត់វិធានការឆ្លើយតបដើម្បីការពារសន្តិសុខជាតិ។

លើសពីនេះ សមាជិកណាតូ បានព្រមព្រៀងគ្នា ជំរុញកញ្ចប់ថវិកាការពារជាតិ ដោយមានគោលដៅឈានទៅដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣៥ ដើម្បីទប់ទល់នឹងអ្វី ដែលពួកគេហៅថា «ការគំរាមកំហែងរយៈពេលវែងពីរុស្ស៊ី»។
កត្តាទាំងប៉ុន្មានខាងលើនេះហើយ ធ្វើឲ្យស្ថានការណ៍ ជាមួយទីក្រុងមូស្គូ ឈានដល់កម្រិតមួយ ដែលអាចនិយាយបានថា ប្រៀបបាននឹងគ្រាប់បែក រង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ៕


