ពូទីន៖ លោកខាងលិច លែងលាក់មុខទៀតហើយ គឺ កំពុងត្រៀមធ្វើសង្គ្រាម ជាមួយរុស្ស៊ី តែម្តង
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាសាធារណៈថា ឥឡូវ ប្រទេសលោកខាងលិច លែងលាក់មុខទៀតហើយ! ពួកគេ កំពុងត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយយកលេស ការគំរាមកំហែងរបស់ទីក្រុងមូស្គូ ដើម្បីបង្កើនការចំណាយលើយោធា។

អង្គការណាតូ បានព្រមព្រៀងលើការបង្កើនថវិការួម ហើយប្រទេសជាសមាជិកជាច្រើន បានដាក់គោលដៅចំណាយលើវិស័យការពារជាតិ ឲ្យបានយ៉ាងហោចណាស់ ២% នៃ GDP របស់ខ្លួន។ ជាក់ស្តែង ប្រទេសកាណាដា បានបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ២០% ក្នុងឆ្នាំ២០២៥ ដោយឈានដល់ទំហំទឹកប្រាក់សរុប ៥៧៤ ពាន់លានដុល្លារ។
ជុំវិញរឿងនេះ ទូរទស្សន៍ RT បានដកស្រង់សម្តីប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងមូស្គូ ដែលថ្លែងក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតនៃបណ្ឌិត្យសភាយោធា សន្តិសុខ និងស្ថាប័នអនុវត្តច្បាប់រុស្ស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា ពួកបស្ចឹមប្រទេស ដើរសាបព្រួសរឿងមិនពិត ថារុស្ស៊ី គំរាមកំហែង ដើម្បីយកលេសធ្វើយោធូបនីយកម្ម យ៉ាងគំហុក។ វាជាល្បិចដដែលៗ ដែលលោកសេរីប្រើតាំងពីដើមមក ដើម្បីប្រឆាំងរុស្ស៊ី។
មេដឹកនាំវិមានក្រឹមឡាំងបន្តថា ដំបូង អង្គការណាតូ គ្រាន់តែជួយអាវុធដល់អ៊ុយក្រែន ប៉ុណ្ណោះ តែឥឡូវ បានប្តូរជំហរហើយ ទៅជាត្រៀមលក្ខណៈដោយចំហ សម្រាប់ការធ្វើសង្គ្រាមជាមួយរុស្ស៊ី តែម្តង។ ពួកគេប្រើលេសជាច្រើន ដូចជាធ្វើរឿងបង្ខំឲ្យរុស្ស៊ីសងសឹក ហើយចាប់យកកំហុសនោះ ដើម្បីមកចោទទីក្រុងមូស្គូ ថាប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ រួចក៏បានលេស យកទៅបន្តនយោបាយឈ្លានពានរបស់ពួកគេ តែម្តង។

ងាកទៅ កាលពី ២សប្តាហ៍មុន លោក ពូទីន ក៏និយាយដោយចំហម្តងរួចមកហើយថា រុស្ស៊ីតែឯកឯង កំពុងប្រយុទ្ធ ជាមួយលោកខាងលិចទាំងមូល ក្នុងជម្លោះនៅអ៊ុយក្រែន។
ថ្លែងក្នុងជំនួបជាមួយកងទ័ពរុស្ស៊ី នៅវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកពូទីន ប្រាប់ថា រុស្ស៊ីតែម្នាក់ឯងគត់ ត្រូវប្រឈមមុខ តទល់ជាមួយលោកខាងលិចទាំងមូល។ សមាជិកណាតូទាំងអស់ បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីរៀបចំផែនការ កម្ទេចរុស្ស៊ី ប៉ុន្តែទៅមិនរួច។ អឺរ៉ុប ក៏ធ្លាប់ព្រួតគ្នា ប្រឆាំងរុស្ស៊ីដែរ ទាំងសម័យ នៃការឈ្លានពានរបស់ណាប៉ូឡេអុង និងក្រោមការដឹកនាំរបស់ហ៊ីត្លែរ អំឡុងសង្រ្គាមលោកលើកទីពីរ។
សូមជម្រាបថា ពេញមួយសង្គ្រាមជាមួយរុស្ស៊ី បណ្តាប្រទេសលោកខាងលិច បានផ្ដល់ជំនួយទ្រង់ទ្រាយធំ ដើម្បីគាំទ្រអ៊ុយក្រែន ពិសេសគឺជំនួយយោធាតែម្តង។
លោកសេរី បានផ្តល់ប្រព័ន្ធការពារអាកាសទំនើបៗ ដូចជា Patriot, IRIS-T និង NASAMS ដើម្បីស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។ ប្រព័ន្ធរ៉ុកកែត HIMARS ដែលអាចវាយប្រហារចំគោលដៅឆ្ងាយៗ និងគ្រាប់កាំភ្លើងធំខ្នាត ១៥៥មិល្លីម៉ែត្រ រាប់លានគ្រាប់ ក៏ត្រូវបានផ្តល់ឲ្យទីក្រុងកៀវ ដែរ។
បន្ថែមពីលើនេះ នៅមាន រថក្រោះប្រយុទ្ធធុនធ្ងន់ដូចជា Leopard 2, Challenger 2 និង M1 Abrams ព្រមទាំងយន្តហោះចម្បាំង F-16៕


