Detail Top Banner – Conway

UN ផ្អាក ជម្លៀសនាវិក ចេញពីច្រក Hormuz សិន ព្រោះមានការវាយប្រហារ លើកប៉ាល់ ដឹកទំនិញ

ទើបចាប់ផ្តើមបេសកកម្ម ជម្លៀសនាវិកចេញពីច្រកសមុទ្រ Hormuz មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែឥឡូវ អង្គការសហប្រជាជាតិ (UN) បានប្រកាសផ្អាកប្រតិបត្តិការវិញសិន ក្រោយកប៉ាល់ពាណិជ្ជកម្ម ត្រូវវាយប្រហារ ក្នុងដែនទឹកយុទ្ធសាស្រ្តដ៏សំខាន់ មួយនេះ ខណៈសហរដ្ឋអាមេរិក ចោទថា នេះគឺជាស្នាដៃរបស់អ៊ីរ៉ង់។

កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការសមុទ្រអន្តរជាតិ (IMO) បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ជម្លៀសនាវិក រាប់ម៉ឺននាក់ ដែលជាប់នៅច្រក Hormuz ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក និងរដ្ឋឆ្នេរសមុទ្រផ្សេងទៀតទាំងអស់នៅក្នុងតំបន់។

យ៉ាងណា នៅថ្ងៃសុក្រ បើយោងតាមការផ្សាយរបស់ BBC, IMO បានប្រកាសផ្អាកប្រតិបត្តិការនោះវិញ បន្ទាប់ពីភ្នាក់ងារសន្តិសុខផ្លូវទឹករបស់ចក្រភពអង់គ្លេស UKMTO រាយការណ៍ថា កប៉ាល់ទំនិញមួយគ្រឿងឈ្មោះ Ever Lovely មានដោតទង់ជាតិសិង្ហបុរី ត្រូវរងការវាយប្រហារដោយ «គ្រាប់មិនស្គាល់អត្តសញ្ញាណ» នៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគអាគ្នេយ៍ កំពង់ផែ Dahit របស់ប្រទេសអូម៉ង់ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនោះទេ ហើយកប៉ាល់ នៅតែបន្តដំណើរទៅមុខទៀត។

ទោះសហរដ្ឋអាមេរិក ចោទចំៗថា នេះជាស្នាដៃរបស់អ៊ីរ៉ង់ ក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ទីក្រុងតេហេរ៉ង់ មិនទាន់ចេញមុខបដិសេធ ឬបញ្ជាក់អ្វីទេ។

ពាក់ព័ន្ធករណីនេះ អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បានឲ្យដឹងថា កប៉ាល់ Ever Lovely មិនបានធ្វើដំណើរ ក្រោមក្របខ័ណ្ឌជម្លៀស របស់អង្គការ IMO ឡើយ ពោលគឺ វាចូលទៅក្នុងច្រក Hormuz ដោយប្រើប្រាស់ផ្លូវខាងត្បូង ហើយចេញវិញនៅភាគខាងកើត។

សូមជម្រាបជាថ្មី នាវិកប្រមាណ ១១ ០០០នាក់ ត្រូវជាប់នៅលើកប៉ាល់ពាណិជ្ជកម្ម និងនាវាដឹកប្រេងរាប់រយគ្រឿង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារអ៊ីរ៉ង់ បិទច្រក Hormuz តាំងពីខែកុម្ភៈមកម្ល៉េះ ក្រោយផ្ទុះសង្គ្រាម៕

ព័ត៌មានទាក់ទង
×
Popup Banner