Detail Top Banner – Conway

ប៉ាគី​ស្ថាន ​បើក​ការ​វាយ​ប្រហារ​តាមបណ្តោយ​ព្រំដែន​ជាមួយ​​អាហ្វហ្គានីស្ថាន​ សម្លាប់​ក្រុម​សកម្ម​យុទ្ធ​ ២៩​នាក់​

មន្ត្រី​ប៉ាគី​ស្ថាន បាន​​​លើក​ឡើង​ថា កង​កម្លាំង​សន្តិសុខប៉ាគីស្ថានបាន​​បើក​ប្រតិបត្តិការ​តាម​ដី​គោក​​និង​អាកាសតាម​បណ្តោយ​ព្រំដែន​​​ជាប់​អាហ្វហ្គានីស្ថាន ដើម្បី​ឆ្លើយតបទៅនឹងការវាយ​ប្រហារមួយ​ ​​ដោយ​សម្លាប់ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន ២៩នាក់​ ដែល​​មាន​មូល​ដ្ឋាន​នៅអាហ្វហ្គានីស្ថាន​។ នេះ​បើ​យោង​តាម​ភ្នាក់​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ក្នុងការបង្ហោះ​មួយលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប៉ាគីស្ថាន លោក Attaullah Tarar និយាយថា៖ « ប្រតិបត្តិការនេះ​ត្រូវ​បានចាប់ផ្តើម​ ដើម្បីឆ្លើយតបទៅ​នឹងការវាយប្រហារ​ជាច្រើន​លើក​ដោយក្រុមប្រដាប់អាវុធ​នៅទូទាំងប្រទេស​»។

កង​សន្តិសុខ​ប៉ាគីស្ថាន​

លោក Tarar ​សរសេរ​លើ​បណ្តាញ​សង្គម​ X ដោយ​សំដៅទៅលើ​ខេត្ត​ចំនួនបី​ នៅភាគខាងកើត​ប្រទេសអាហ្វហ្គានីស្ថាន ថា គោលដៅ​ចំនួន​បី​នៅ Paktia, Paktika និង Kunar ត្រូវបានបំផ្លាញ​ អំឡុងពេលវាយប្រហារយ៉ាង​ជាក់លាក់។

​ទោះ​យ៉ាង​ណា​ក៏ដោយ ជុំវិញ​បញ្ហា​នេះ មិនមានការឆ្លើយតបភ្លាមៗ​ពីប្រទេសអាហ្វហ្គានីស្ថាន​ទេ។

គួរ​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នៅ​​ប្រទេសប៉ាគីស្ថាន​ ផ្តោតលើប៉ូលីស និងកង​កម្លាំង​សន្តិសុខ​​បាន​កើន​ឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ​។

ការ​វាយ​ប្រហារ​បាន​កើតឡើងមួយថ្ងៃ​ បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់​ដោយ​កាំភ្លើង និងគ្រឿងផ្ទុះបាន​កំណត់គោលដៅទីស្នាក់ការ​កណ្តាល​តំបន់​នៃកងអនុសេនាធំយោធា​ ភាគខាងត្បូងទីក្រុងកំពង់ផែ ​Karachi ដោយបានសម្លាប់ទាហាន​ប៉ាគីស្ថាន​បីនាក់។

​មិន​តែ​ប៉ុណ្ណោះ ប្រតិបត្តិការ​ចុងក្រោយបំផុត​ទំនង​ជានឹងធ្វើឱ្យទំនាក់ទំនង​ដ៏តាន​តឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុលដែល​មាន​​​រួចទៅហើយ​​​ កាន់តែតាន​តឹងថែមទៀត។

ការវាយ​ប្រហារឆ្លងកាត់ព្រំដែន និងប្រតិបត្តិការ​តាម​ដី​គោក​កាលពីថ្ងៃអាទិត្យ​បានកើតឡើង​តិចជាងបីសប្តាហ៍​ បន្ទាប់ពីយោធាប៉ាគីស្ថាន​បានបើកការវាយប្រហារ​តាមអាកាសលើ​កន្លែងលាក់ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេស​ទាំង​ពីរ​បានបញ្ចប់ភាពស្ងប់ស្ងាត់​ប្រហែលមួយ​ខែ​ បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបាន​ពិពណ៌នាថា​ជាសង្គ្រាមបើកចំហ រវាងប្រទេស​ជិតខាង ទោះបីជាមាន​​កិច្ច​ខិតខំប្រឹងប្រែង​ពីអន្តរជាតិ ដើម្បីសម្រប​សម្រួលសន្តិភាពយូរអង្វែង​ក៏ដោយ៕

ព័ត៌មានទាក់ទង
×
Popup Banner