Detail Top Banner – Conway

ចិន បានប្រកាសដាក់ស្ថាប័ន និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន ២០ ចូលទៅក្នុង «បញ្ជីខ្មៅ» ហាមឃាត់ការនាំចេញ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ប្រទេសចិន បានប្រកាសដាក់ស្ថាប័ន និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន ២០ ចូលទៅក្នុង «បញ្ជីខ្មៅ» ហាមឃាត់ការនាំចេញ។

តាម​ការ​ចុះផ្សាយ​របស់ AFP ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីចិនរកឃើញថា ក្រុមហ៊ុនទាំងនោះបាននាំចេញទំនិញ ដែលអាចយកទៅប្រើប្រាស់បានទាំងខាងផ្នែកស៊ីវិល និងផ្នែកយោធា ដែលជួយពង្រឹងសមត្ថភាពកងទ័ពរបស់ជប៉ុន។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការរឹតបន្តឹងនេះ គឺធ្វើឡើងដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រទេសចិន។

ទំនាក់ទំនងរវាងមហាយក្សទាំងពីរនេះ បានចាប់ផ្ដើមល្អក់កករយ៉ាងខ្លាំង កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបង្ហើបថា ជប៉ុនអាចនឹងប្រើប្រាស់កម្លាំងយោធាតបតវិញ បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ចាប់តាំងពីលោកស្រីឡើងកាន់តំណែងមក ជប៉ុនបានពន្លឿនការផ្លាស់ប្តូរនយោបាយការពារជាតិរបស់ខ្លួនឱ្យកាន់តែសកម្មជាងមុន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ប៉ុន្តែ​វាបែរ​ជា​ធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ចោទប្រកាន់ជប៉ុនថា កំពុងដើរលើផ្លូវខុស និងព្យាយាមបង្កើត «លទ្ធិយោធានិយមបែបថ្មី»។

នៅក្នុងបញ្ជីខ្មៅដែលចិនទើបតែប្រកាសនេះ មានរួមបញ្ចូលទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិរបស់ជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិធំៗ ដូចជា ក្រុមហ៊ុន Mitsubishi Electric ផ្នែកបច្ចេកវិទ្យាការពារជាតិ និងអវកាសជាដើម ដែលសុទ្ធសឹងតែជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងបច្ចេកវិទ្យាដល់វិស័យយោធាជប៉ុន។ ក្រៅពីបញ្ជីខ្មៅនេះ ចិនក៏បានដាក់ស្ថាប័នជប៉ុនចំនួន ២០ ផ្សេងទៀតចូលក្នុង «បញ្ជីតាមដាន» ផងដែរ ដែលតម្រូវឱ្យអ្នកនាំចេញត្រូវសុំការអនុញ្ញាត និងធានាថា ទំនិញទាំងនោះមិនត្រូវបានយកទៅពង្រឹងកងទ័ពជប៉ុនឡើយ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានអះអាងថា ចំណាត់ការរបស់ចិន គឺត្រឹមត្រូវ និងស្របច្បាប់ទាំងស្រុង ហើយវានឹងមិនប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរនោះទេ។

បច្ចុប្បន្ន ចិនគឺជាប្រទេសផលិត និងចម្រាញ់រ៉ែកម្រធំជាងគេបំផុតនៅលើពិភពលោក ដែលរ៉ែទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ផលិតទូរស័ព្ទ ឡានអគ្គិសនី រួមទាំងប្រព័ន្ធនាំផ្លូវមីស៊ីល និងឡាស៊ែរផងដែរ។ ហេតុ​នេះ​ហើយ​ទើប​​ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត តែងតែ​ព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រពីប្រទេសចិន ដើម្បីចៀសវាងការ​ដែលក្រុង​ប៉េកាំង​លើក​យកបញ្ហានេះមកធ្វើជាឧបករណ៍គាបសង្កត់​ផ្នែកនយោបាយ៕

ព័ត៌មានទាក់ទង
×
Popup Banner