ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ដ៏វិនាសកម្មនៅព្រំដែននេប៉ាល់ និងចិន អាចនឹងត្រូវចំណាយថវិកាយ៉ាងហោចណាស់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Strait Times ចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយផ្អែកលើការវាយតម្លៃបឋមរបស់លោក Binod Chaudhary ប្រធានក្រុមហ៊ុន Chaudhary Group និងជាមហាសេដ្ឋីប្រាក់ពាន់លានតែមួយគត់របស់ប្រទេសនេប៉ាល់។
លោក Chaudhary បានបញ្ជាក់ថា ការចំណាយមិនត្រឹមតែលើផ្នែកថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចំណាយរយៈពេលយូរ និងជួបប្រទះភាពស្មុគស្មាញ ដោយសារស្ថានភាពភូមិសាស្ត្រតំបន់ភ្នំដ៏លំបាក ព្រមទាំងផលប៉ះពាល់លើការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។ ការវាយតម្លៃនេះ ត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថូនេប៉ាល់ លោក Swarnim Wagle ដែលបានរំលេចថា ការខូចខាតបឋម អាចនឹងត្រូវចំណាយអស់រាប់ពាន់លានដុល្លារឯណោះ។
គ្រោះមហន្តរាយនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយសារការរលាយផ្ទាំងទឹកកក បង្កជាជំនន់ឆាប់រហ័សវាយប្រហារលើតំបន់ព្រំដែននេប៉ាល់-ចិន ដោយបានបំផ្លាញភូមិឋាន ផ្លូវថ្នល់ ស្ពាន និងស្ថានីយអគ្គិសនីជាច្រើនកន្លែង។ ផ្អែកលើរបាយការណ៍បឋមរបស់ប៉ូលិស មនុស្សយ៉ាងហោច ៤៦៩នាក់ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត និងប្រមាណ ១ ២០០នាក់ទៀតកំពុងបាត់ខ្លួន រួមទាំងភ្ញៀវទេសចរបរទេសរាប់រយនាក់៕



