អ៊ីរ៉ង់ ដែលជាភាគីសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា បានប្រកាសកាលពីថ្ងៃ ទី៦ ខែកញ្ញា ថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានាដែលបង្កឡើងដោយទណ្ឌកម្មលើវិស័យសេដ្ឋកិច្ចដាក់ចេញដោយអាមេរិក ដោយធ្វើឲ្យខូចខាតដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ខណៈមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ក៏ឆ្លៀតព្រមានពីការឆ្លើយតបដ៏ឈឺចាប់បំផុត បើពួកគេរងការវាយប្រហារបន្ថែមទៀត។

យោងតាមទីភ្នាក់ងារ Reuters, នៅក្នុងរយៈពេល៦ ខែ បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ដែលបានបើកឆាកសង្គ្រាមដ៏សាហាវបំផុតក្នុងតំបន់មជ្ឈិមបូព៌ាមក ជម្លោះនេះហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក។ កិច្ចព្រមព្រៀងបទឈប់បាញ់បឋមមួយដែលត្រូវបានសម្រេចកាលពីខែមិថុនា បានរលាយរលត់ទៅវិញ ហើយកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីទាញដំណើរការសន្តិភាពឲ្យមកលើផ្លូវត្រូវវិញ ទទួលបានការវិវត្តន៍តិចតួចណាស់។
បន្ទាប់ពីមានការផ្អាកសកម្មភាពយោធាពេញមួយខែសីហា ការវាយប្រហារលើគ្នាទៅវិញទៅមកបានចាប់ផ្តើមឡើងវិញ ដោយបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក បានថ្លែងថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៣ គ្រឿងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលបាលីស្ទីកទៅលើនាវាជើងទឹកអាមេរិកចំនួន ២ គ្រឿង។
បន្ទាប់ពីការវាយប្រហារទាំងនោះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានថ្លែងនៅថ្ងៃអាទិត្យថា អាមេរិកគួរតែយល់ថា ច្បាប់នៃហ្គេមផ្លាស់ប្តូរហើយ មុនពេលវាហួសពេល។
លោកបានសរសេរនៅលើបណ្តាញTelegram របស់លោកថា «ចាប់ពីពេលនេះតទៅ រាល់ការវាយប្រហារប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់ នឹងទទួលបានការឆ្លើយតបដែលលឿនជាងមុន ធ្ងន់ធ្ងរជាងមុន និងឈឺចាប់ជាងមុន»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា លោក Mohsen Rezaei លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃដដែលថា «តំបន់ហាមឃាត់» មួយនឹងត្រូវប្រកាសនៅខាងក្រៅច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ តំបន់នោះនឹងរួមបញ្ចូលទាំងផ្នែកខ្លះនៅក្នុងឈូងសមុទ្រពែក្សផងដែរ។ លោកបញ្ចាក់ដោយសង្កត់ធ្ងន់ថា នាវាណាដែលចូលទៅក្នុងតំបន់ថ្មីនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្ម។
យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បានបង្ហាញថា ខ្លួននៅតែរក្សាសមត្ថភាពក្នុងការវាយប្រហារលើផលប្រយោជន៍របស់អាមេរិកនៅក្នុងប្រទេសជិតខាង និងការបិទលំហូរប្រេងតាមច្រកសមុទ្រ Hormuz ដែលជាកន្លែងផ្តល់លំហូរប្រេងមួយភាគប្រាំនៃកម្រិតផ្គត់ផ្គង់សកលលោក មុនពេលមានជម្លោះកើតឡើង។
ទោះជាយ៉ាងណា យុទ្ធនាការរបស់អាមេរិកក្នុងការរឹតបន្តឹងសេដ្ឋកិច្ចអ៊ីរ៉ង់ តាមរយៈការបិទខ្ទប់ការនាំចេញប្រេង និងទប់ស្កាត់ការគេចវេសពីទណ្ឌកម្ម គឺកំពុងធ្វើឲ្យអ៊ីរ៉ង់កាន់តែពិបាកទ្រាំទ្រទៅៗ ។នេះបើតាមប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ចំនួន ៣ រូបបានចេញមុខបញ្ចាក់៕


