Detail Top Banner – Conway

ត្រាំ បង្កើនកម្ដៅសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា ដោយបិទការនាំចូលម៉ូតូ ស្រា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មជាមួយ​ប្រទេសកាណាដា ជាថ្មីម្ដងទៀត ដោយបញ្ជាឱ្យ​បិទការនាំចូលស្រា​ជាច្រើនមុខ ម៉ូតូមួយចំនួន និងផលិតផលទឹកដោះគោពីកាណាដា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា​។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។

វិធានការថ្មីនេះកើតឡើងភ្លាមៗ បន្ទាប់ពីកាណាដាដាក់ពន្ធ​សងសឹក «មួយដុល្លារទៅមួយដុល្លារមក» ​លើទំនិញអាមេរិកប្រមាណ ២០ ​ប៊ីលានដុល្លារ ក្នុងអត្រាចន្លោះពី ១៥% ដល់ ៥០% ក្រោយ​​អាមេរិកបានដាក់ពន្ធ ៥០% លើទំនិញកាណាដាមួយចំនួន​ក្នុងតម្លៃប្រមាណ ២០ ​ប៊ីលានដុល្លារ។

ក្រោមការបញ្ជារបស់លោក ត្រាំ អាមេរិកនឹងហាមនាំចូលស្រាបៀរ ស្រាទំពាំងបាយជូរ និងស្រាខ្លាំងមួយចំនួនពីកាណាដា ព្រមទាំងម្សៅប្រូតេអ៊ីន ​និងម៉ូតូ ឬម៉ូតូ  Mopeds មានម៉ាស៊ីនធំៗ។ ជាមួយគ្នានេះ ផលិតផលកាណាដាមួយចំនួនទៀត ដូចជា ឈីស ដែក និងអាលុយមីញ៉ូម នឹងត្រូវប្រឈមពន្ធ ៥០% ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ផងដែរ។

សម្រាប់​ស្រា ការហាមឃាត់របស់អាមេរិកត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងខេត្តកាណាដាជាច្រើន ដែល​បានដក​ចេញ ឬហាមលក់ស្រាអាមេរិក នៅលើទីផ្សាររបស់ខ្លួន បន្ទាប់ពីលោក ត្រាំ ចាប់ផ្តើមដាក់ពន្ធលើកាណាដា។ ក្នុងឆ្នាំ២០២៣ ស្រាវីស្គីកាណាដាដែលលក់នៅអាមេរិកមានតម្លៃប្រមាណ ២,៣ ​ប៊ីលានដុល្លារ។

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានីយ៍ បានរិះគន់វិធានការរបស់អាមេរិក និងនិយាយថា ប្រទេសរបស់លោកត្រូវតែបន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោកថា កាណាដា៖ «មានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីបង្វែរទិស និងរីកចម្រើន» ​ហើយកាណាដាមិនចូលតុចរចាឆាប់ៗនេះទេ។

មន្ត្រីកាណាដាក៏បានចោទថា វិធានការរបស់អាមេរិកគឺ «មិនសមហេតុផល» និងបានប្តេជ្ញាការពារកម្មករ កសិករ គ្រួសារ និងអាជីវកម្មរបស់ខ្លួន។ ភាគីទាំង២បាន​ដាក់ពន្ធ និងការរឹតបន្តឹងពាណិជ្ជកម្មទៅវិញទៅមក ខណៈការចរចាពាណិជ្ជកម្មនៅតែជាប់គាំង។

អ្នកវិភាគបានលើកឡើងថា ការប្រើការហាមឃាត់នាំចូលទំនិញ ជំនួសឱ្យការឡើងពន្ធ​ ​គឺជាការបង្កើនកម្រិតនៃជម្លោះ។ ​ពួកគេព្រមានថា វាអាចនាំឱ្យកាណាដាចាត់វិធានការតបត្រឡប់បន្ថែម ប៉ះពាល់ដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងកាត់បន្ថយជម្រើសសម្រាប់អ្នកប្រើប្រាស់។

ជម្លោះកាន់តែធ្ងន់ធ្ងរឡើង ខណៈលោក ត្រាំ ក៏បានគំរាមបង្កើនពន្ធលើរថយន្ត និងរថយន្តដឹកទំនិញពីកាណាដាដល់ ៥០% ចាប់ពីថ្ងៃទី១ ខែមករា ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មី៕

ព័ត៌មានទាក់ទង
×
Popup Banner