Detail Top Banner – Conway

ជម្លោះការទូតក្តៅគគុក! រុស្ស៊ី បញ្ជាឱ្យបិទស្ថានកុងស៊ុលអាល្លឺម៉ង់ ត្រឹមថ្ងៃទី១៨ ខែនេះ ដើម្បីសងសឹក

ជម្លោះការទូតរវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ កាន់តែឡើងកម្តៅខ្លាំង និងឈានដល់កម្រិតតានតឹងបំផុត ក្រោយពេលទីក្រុងបែរឡាំង ចោទប្រកាន់ទីក្រុងមូស្គូ ថា នៅពីក្រោយការប៉ុនប៉ងវាយប្រហារដោយដ្រូន នៅអាកាសយានដ្ឋាន Leipzig កាលពីខែមុន ដល់ថ្នាក់បិទប្រតិបត្តិការការទូតរុស្ស៊ី ចំនួន២ ទើបធ្វើឲ្យរុស្ស៊ី ខឹងចិត្ត សងសឹកវិញ តាមរយៈការបញ្ជាឱ្យបិទស្ថានកុងស៊ុលអាល្លឺម៉ង់ ប្រចាំទីក្រុង St. Petersburg វិញ។

ស្ថានកុងស៊ុលអាល្លឹម៉ង់នៅទីក្រុង Saint Petersburg 

ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលត្រូវបានដកស្រង់ផ្សាយដោយ RT ថា អាល្លឺម៉ង់ បានបង្ករឿងឱ្យមានភាពតានតឹងថ្មីទៀត នៅក្នុងទំនាក់ទំនងទ្វេភាគី ដូច្នេះ​ ត្រូវមានទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងឡាយដែលកើតមានឡើង។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបានបញ្ជាឱ្យអ្នកការទូត និងបុគ្គលិកស្ថានកុងស៊ុលអាល្លឺម៉ង់ ក្នុងទីក្រុង St. Petersburg ត្រូវចាកចេញពីប្រទេសរុស្ស៊ី ឱ្យអស់ ត្រឹមថ្ងៃទី១៨ ខែកញ្ញា នេះ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន

ក្រសួង ក៏ចេញបញ្ជាជាផ្លូវការ ឱ្យមជ្ឈមណ្ឌលវប្បធម៌ Goethe-Institut ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបញ្ឈប់ប្រតិបត្តិការផងដែរ ដោយតម្រូវឱ្យបុគ្គលិកដែលបញ្ជូនមកពីបរទេស ត្រូវចាកចេញពីប្រទេសត្រឹមថ្ងៃទី១៣ ខែកញ្ញា។

ទង្វើនេះ គឺជាការសងសឹក ចំពោះអាល្លឺម៉ង់ ក្រោយរដ្ឋមន្ត្រីការបរទេស Johann Wadephul បានប្រកា​សកាលពីសប្តាហ៍មុនថា ក្រុងប៊ែរឡាំង នឹងបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង ប៊ុន នៅថ្ងៃទី១៨ ខែកញ្ញា ដូចគ្នា ព្រមទាំងបញ្ចប់កិច្ចព្រមព្រៀងគ្រប់គ្រង លើមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ី នៅប៊ែរឡាំង ទៀតផង។

យន្តហោះនៅអាកាសយានដ្ឋាន Leipzig-Halle 

ដើមចមនៃជម្លោះការទូតនេះ គឺផ្តើមចេញពីការចោទប្រកាន់របស់ទីក្រុងបែរឡាំង ថា រុស្ស៊ី ជាមេខ្លោង ​នៃការប៉ុនប៉ងវាយប្រហារដោយដ្រូន លើអាកាសយានដ្ឋាន Leipzig-Halle នាភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែសីហា។

អាល្លឺម៉ង់ បានរកឃើញដ្រូនផ្ទុកគ្រាប់បែក នៅក្បែរយន្តហោះដឹកទំនិញអ៊ុយក្រែនមួយគ្រឿង រួចក៏ដោះគ្រាប់បែកនោះ ហើយចោទថា នេះជាផ្នែកមួយ នៃ «ប្រតិបត្តិការវាយប្រហារកូនកាត់» របស់រុស្ស៊ី ដែលកំណត់គោលដៅ លើប្រទេសជាច្រើន ក្នុងទ្វីបអឺរ៉ុប។

ការដោះគ្រាប់បែកនៅអាកាសយានដ្ឋាន Leipzig-Halle 

ទោះយ៉ាងណា រុស្ស៊ី បានច្រានចោលការចោទប្រកាន់នេះ ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ល្បិចរបស់អាល្លឺម៉ង់ គឺគ្រាន់តែចង់បង្វែរឿងនៅក្នុងប្រទេសរបស់ខ្លួន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ប៉ុណ្ណោះ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ើហ្គេយ៍ ឡាវរ៉ូហ្វ ក៏ថ្កោលទោសអាល្លឺម៉ង់ ចំពោះការដាក់កំហុស ហើយអះអាងថា ពាក្យចោទប្រកាន់ទាំងនេះគឺជា «ការចាប់ផ្តើមនៃសង្គ្រាមយ៉ាងពិតប្រាកដ»៕

ព័ត៌មានទាក់ទង
×
Popup Banner