កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំង អនឡាញស្គេមនៅស្ថិតនៅផ្ទះមួយកន្លែង ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខាស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ញ៉ាន បូរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន១៧នាក់ ភេទប្រុស ក្នុងនោះមានលិខិតឆ្លងដែន និងទិដ្ឋាការចុងក្រោយត្រឹមត្រូវ ចំនួន ០៣នាក់,មានលិខិតឆ្លងដែនចំនួន ០៨នាក់ ទិដ្ឋាការហួសសុពលភាព និងមិនមានលិខិតឆ្លងដែន ០៦នាក់ ករណីស្នាក់នៅប្រមូលផ្ដុំដោយខុសច្បាប់(ពុំមានលិខិតឆ្លងដែន) និងបានដកហូតសម្ភារៈវត្ថុតាងរួមមាន៖ កុំព្យូទ័រAll in One ចំនួន ០២គ្រឿង,កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង និងទូរសព្ទដៃ ចំនួន៣៤គ្រឿង (ក្នុងនោះទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ជនសង្ស័យចំនួន ២២គ្រឿង និងទូរស័ព្ទបម្រើឱ្យបទល្មើស ១២គ្រឿង)។

ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញរកឃើញថា ទីតាំងខាងលើបានប្រព្រឹត្តអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Sc ams) ក្រោមរូបភាពបន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) ផ្ដល់កម្ចីប្រាក់ក្លែងក្លាយ ដែលមានគោលដៅជនរងគ្រោះនៅប្រទេសបង់ក្លាដេស។
បច្ចុប្បន្នក្រុមជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំកសាងនីតិវិធីបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕





