Detail Top Banner – Conway

គណៈកម្មការ UN រកឃើញ​​ ការវាយប្រហាររបស់អ៊ីស្រាអែល​នៅ​ស៊ីរី​ ឈានដល់​ឧក្រិដ្ឋកម្មសង្គ្រាម

គណៈ​កម្មការ​ស៊ើបអង្កេត​អន្តរជាតិឯករាជ្យ​របស់អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេសស៊ីរី កាលពីថ្ងៃអង្គារបាន​សម្តែងការព្រួយបារម្ភយ៉ាង​ខ្លាំង ចំពោះ​ការវាយប្រហាររបស់អ៊ីស្រាអែល​លើភាគខាងត្បូងប្រទេស​ស៊ីរី ដោយលើក​ឡើង​ថា ការវាយប្រហារ​ទាំងនោះ​​បាន​រំលោភលើអធិបតេយ្យ​ភាព និងបូរណភាពទឹកដី ហើយអាចចាត់​ទុកថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ការវាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​ស៊ីរី​

គណៈកម្មការ​​​ប្រចាំ​ប្រទេស​នេះ​ បាន​​លើក​ឡើង​​អំពី​បញ្ហា​នេះ​​​ អំឡុង​ពេលសន្និសីទសារ​ព័ត៌មានមួយទៅកាន់ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​សម័យប្រជុំ​លើកទី៦៣ ​នៅទីក្រុងហ្សឺណែវ​កាលពីថ្ងៃចន្ទ និងដំណើរ​ការរហូតដល់ថ្ងៃទី៧ ខែតុលា។

យោង​តាមទីភ្នាក់ងារ​សារព័ត៌មាន SANA របស់​ស៊ីរី នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ ២០២៦ គណៈកម្មការ​នេះ​​​​ លើកឡើង​​ថា៖ « យើងមាន​ការព្រួយបារម្ភយ៉ាងខ្លាំង​អំពីការវាយប្រហារ​របស់​អ៊ីស្រាអែលលើ​ភាគខាងត្បូង​ប្រទេស​ស៊ីរី ហើយ ​បញ្ជាក់ថា ការ​វាយប្រហារទាំងនោះបង្កើត​បានជាការរំលោភលើអធិបតេយ្យភាព និងបូរណភាព​ទឹកដី​ស៊ី​រី​។ រឿងនេះមិនអាច​ទទួលយកបានទេ ហើយត្រូវ​តែបញ្ឈប់»។

លោកស្រី Fionnuala Ni Aolain ស្នង​ការ​នៃគណៈកម្មការស៊ើប​អង្កេត​អន្តរ​ជាតិឯករាជ្យ​ស្តីពីប្រទេសស៊ីរី ព្រមានថា៖ « ទង្វើបែបនេះអាច​ចាត់​ទុកជាឧក្រិដ្ឋកម្មសង្គ្រាម»។

មិន​តែ​ប៉ុណ្ណោះ តំបន់នានា​នៅភាគខាងត្បូងប្រទេសស៊ីរី ជាពិសេសខេត្ត Quneitra និង ​Daraa រង​ការឈ្លានពានរបស់យោធាអ៊ីស្រាអែល​ម្តងហើយម្តងទៀត រួមទាំងការវាយ​ឆ្មក់លើផ្ទះសម្បែង ការបង្កើត​ចំណុចត្រួតពិនិត្យ និងការចាប់ខ្លួន ក៏ដូចជាការបាញ់ផ្លោង​ផងដែរ។

គួរ​បញ្ជាក់​ថា អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់​ស៊ីរី​ ចាប់តាំងពីឆ្នាំ១៩៦៧​ ។

ក្រុម​​ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​​បានបង្កើតគណៈកម្មការ​ស៊ើបអង្កេតអន្តរជាតិ​ឯករាជ្យស្តីពីប្រទេសស៊ីរីក្នុងខែសីហា ឆ្នាំ២០១១ ដើម្បីស៊ើបអង្កេត​ការរំលោភបំពាន​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ​ ​និង​​កំណត់អត្ត​សញ្ញាណអ្នក​​ទទួលខុសត្រូវតាម​ដែលអាចធ្វើទៅបាន​៕

ព័ត៌មានទាក់ទង
×
Popup Banner