សហរដ្ឋអាមេរិក មានអាវុធដាក់ពង្រាយនៅលើគន្លងតារាវិថីហើយ។ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពលំហអាកាសអាមេរិក កាលពីថ្ងៃទី១៤ ខែកញ្ញា ដែលជាការទទួលស្គាល់ជាលើកដំបូងបង្អស់ អំពីវត្តមាននៃសមត្ថភាពយោធាបែបនេះនៅក្នុងលំហអាកាស។

យោងតាមសារព័ត៌មាន BBC, លោក Troy Meink ប្រមុខយោធាកងទ័ពអាកាសអាមេរិក បានថ្លែងថា «អាវុធនៅក្នុងគន្លងតារាវិថីនេះគឺចាំបាច់ណាស់ ដើម្បីការពារកងកម្លាំងអាមេរិក ពីសកម្មភាពប្ររាំងសត្រូវដែលមិនរាក់ទាក់»។
ទន្ទឹមនោះដែរ អ្នកនាំពាក្យកងទ័ពលំហអាកាសអាមេរិកម្នាក់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាមេរិកមានអាវុធគ្រប់គ្រងលំហអាកាសនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារកងកម្លាំងចម្រុះពីសកម្មភាពឈ្លានពានរបស់សត្រូវ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទអាវុធទាំងនោះឡើយ។
សេចក្តីថ្លែងការណ៍ដដែលបានពន្យល់ថា ការគ្រប់គ្រងលំហអាកាស រួមបញ្ចូលទាំងបេសកកម្មចាំបាច់នានាដើម្បីប្រជែង និងគ្រប់គ្រងដែនលំហអាកាស ដោយការប្រើប្រាស់ទាំងវិធានការ គីនេទិច (Kinetic) ពោលគឺការប្រើកម្លាំងប៉ះទង្គិចដោយផ្ទាល់ និងមិនមែនគីនេទិច (Non-kinetic) ដើម្បីធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់សត្រូវ តាមរយៈការរំខាន ការធ្វើឲ្យចុះខ្សោយ និងសូម្បីតែការបំផ្លាញចោល ប្រសិនបើចាំបាច់។
ទាំងប្រទេសរុស្ស៊ី និង ចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំពីររបស់អាមេរិក សុទ្ធតែកំពុងបង្កការគំរាមកំហែងដល់ផលប្រយោជន៍របស់អាមេរិក នៅក្នុងលំហអាកាស។ កងទ័ពលំហអាកាសអាមេរិកបានគូសបញ្ជាក់ថា ចិនកំពុងអភិវឌ្ឍ និងដំណើរការសមត្ថភាពលំហអាកាស និងប្រឆាំងលំហអាកាស ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈដែល រុស្ស៊ីមើលឃើញថា លំហអាកាសគឺជាដែនសមរភូមិប្រយុទ្ធ ហើយជឿជាក់ថា ឧត្តមភាពក្នុងលំហអាកាសនឹងក្លាយជាកត្តាសម្រេចចិត្តនៅក្នុងជម្លោះនាពេលអនាគត។
យ៉ាងណា ដោយសារតែបារម្ភខ្លាចមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហអាកាស មហាអំណាចពិភពលោក បានសម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៅក្នុងឆ្នាំ១៩៦៧។ សន្ធិសញ្ញានេះហាមឃាត់ដាច់ខាត ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធមហាបំផ្លាញនៅក្នុងគន្លងតារាវិថី ឬនៅលើភពនានា។ ទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះមិនបានហាមឃាត់ការប្រើប្រាស់អាវុធធម្មតា អាវុធឡាស៊ែរ ឬបច្ចេកវិទ្យារំខានសញ្ញានោះទេ៕


