អ៊ីរ៉ង់ ប្រកាសត្រៀមចរចាជាមួយអាមេរិក តែអះអាងថា ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាម បើមានការវាយប្រហារថ្មី
ជាថ្មីម្តងទៀត អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយរយៈពេល ៧ខែមកនេះ។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងថា ប្រទេសអ៊ីរ៉ង់ ត្រៀមខ្លួនរួចរាល់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក៏ត្រៀមខ្លួនយ៉ាងពេញលេញក្នុងការឆ្លើយតបទៅនឹងការវាយប្រហារផ្នែកយោធាដែលអាចកើតមានឡើងជាថ្មី ដោយសារតែការគំរាមជាថ្មីពីសំណាក់សហរដ្ឋអាមេរិក។

ការថ្លែងនេះធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ បានបង្ហាញពីសំណើមួយមានរយៈពេល ៧ថ្ងៃ ដែលអាចឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែក្រោយមក ប្រធានាធិបតី ត្រាំ បានបដិសេធទទួលយកសំណើនោះ។
លោក Araghchi ប្រាប់កម្មវិធី «Meet the Press» របស់ទូរទស្សន៍ NBC ថា៖ « យើងត្រៀមខ្លួនសម្រាប់ដំណោះស្រាយតាមផ្លូវការទូត ហើយក្នុងពេលជាមួយគ្នានេះ យើងក៏ត្រៀមខ្លួនសម្រាប់សង្គ្រាមផងដែរ»។
លោក Araghchi លើកឡើងថា អ៊ីរ៉ង់បានទទួលដំណឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើនោះ ប៉ុន្តែខ្លួននៅតែរង់ចាំការឆ្លើយតបជាផ្លូវការតាមរយៈភាគីសម្របសម្រួល។
លោកបានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រនោះឡើងវិញ ប្រសិនបើអាមេរិកអនុវត្តជំហាននានាដែលអ៊ីរ៉ង់បានទាមទារជាមុនសិន រួមមានការបញ្ចប់សង្គ្រាម ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ការដកការបិទខ្ទប់ផ្លូវសមុទ្រអ៊ីរ៉ង់ និងការអនុញ្ញាតឱ្យអ៊ីរ៉ង់អាចលក់ប្រេងរបស់ខ្លួនបាន។
លោកបន្តថា៖ « សំណើរបស់យើងមានភាពច្បាស់លាស់ណាស់។ យើងត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកសមុទ្រនេះឡើងវិញ ប្រសិនបើភាគីអាមេរិកអនុវត្តវិធានការមួយចំនួន»។
លោក Araghchi លើកឡើងថា ខ្លួនជឿជាក់ថាអាមេរិកអាចអនុវត្តវិធានការចាំបាច់ទាំងនោះបានក្នុងរយៈពេល ៤ ឬ ៥ ថ្ងៃ។ យោងតាមលំដាប់លំដោយនៃសំណើនោះ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រឡើងវិញនៅថ្ងៃទី ៦ ហើយភាគីទាំងពីរនឹងបន្តការចរចា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅថ្ងៃទី ៧។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលពីខែកុម្ភៈ ព្រមទាំងការដាក់វិធានការបិទខ្ទប់ផ្លូវសមុទ្រមកលើប្រទេសនេះ៕


