យោងតាមឯកសារមួយចេញផ្សាយ នៅលើគេហទំព័រព័ត៌មានផ្លូវច្បាប់ជាផ្លូវការ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ដើម្បីបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលើចំនួនដែលមានស្រាប់។ នេះបើយោងតាមសារព័ត៌មាន Turkiye Today ផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ ។

បទបញ្ជាចុងក្រោយនេះបានបន្ថែមចំនួនបុគ្គលិកយោធា កំពុងបំពេញភារកិច្ចយ៉ាងសកម្មចំនួន ១៥ ៥០០នាក់ កើនចំនួនសរុបដល់ ២ ៤៤១ ៦៣០នាក់ ក្នុងនោះមានបុគ្គលិកយោធាសកម្មចំនួន ១ ៥៥០ ៥០០នាក់។
រដ្ឋាភិបាលរុស្ស៊ីបានបែងចែកថវិកាសហព័ន្ធទៅឱ្យក្រសួងការពារជាតិ តាមតម្រូវការ ដើម្បីរក្សាចំនួនកងកម្លាំងប្រដាប់អាវុធតាមកម្រិតដែលបានកំណត់។
គួរបញ្ជាក់ថា កាលពីខែកក្កដា លោក ពូទីន បានបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដល់ ២ ៤២៦ ១៣០នាក់ ក្នុងនោះរួមមានបុគ្គលិកយោធាសកម្មចំនួន ១ ៥៣៥ ០០០នាក់។
កាលពីថ្ងៃចន្ទ លោក ពូទីន ក៏បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរឹតបន្តឹង ចំពោះការបង្ហាញព័ត៌មានអំពីថាមពល និងផលិតផលប្រេង ផងដែរ ក្នុងគោលបំណងធ្វើឱ្យការអនុវត្តវិធានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត កាន់តែមានការលំបាក។
យោងតាមឯកសារបានចុះផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវច្បាប់ជាផ្លូវការ វិធានការនេះត្រូវបានដាក់ចេញ ដោយសារតែការចាត់វិធានការបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ផ្ទុយនឹងច្បាប់អន្តរជាតិ ប្រព្រឹត្តឡើងដោយសហរដ្ឋអាមេរិក រួមទាំងរដ្ឋបរទេស និងអង្គការអន្តរជាតិដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក។
យោងតាមក្រឹត្យនេះឱ្យដឹងថា ព័ត៌មានទាក់ទងនឹងបរិមាណនៃការកែច្នៃ និងទិន្នផលផលិតផលរបស់នីតិបុគ្គល ឬរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីបានបន្ថែមទៅក្នុងបញ្ជីព័ត៌មានក្នុងកម្រិតមួយដែលមិនឱ្យមានការចូលមើលជាសាធារណៈបាន។
ក្រឹត្យនេះក៏ហាមឃាត់នូវការផ្សព្វផ្សាយព័ត៌មានអំពីឈ្មោះ បរិមាណ និងតម្លៃនៃផលិតផលថាមពលនាំចេញ អត្តសញ្ញាណរបស់អ្នកលក់ អ្នកទិញ និងអ្នកសម្របសម្រួល ការទូទាត់ប្រាក់ កាលបរិច្ឆេទ និងពេលវេលានៃការដឹកជញ្ជូន យានយន្តដឹកជញ្ជូន ព្រមទាំងផ្លូវដឹកជញ្ជូន ស្ថានីយ និងកន្លែងស្តុកទុក រួមទាំងកូអរដោណេភូមិសាស្ត្ររបស់ទីតាំងទាំងនោះផងដែរ៕


