Detail Top Banner – Conway

ទំនប់ទឹកមួយទៀតនៅថៃ គឺទំនប់ ចៅប្រាយ៉ា រៀបនឹងបើករំដោះទឹកចេញក្នុងល្បឿនដ៏លឿន ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលនឹងបង្កជាជំនន់ធ្ងន់ធ្ងរ

ទំនប់ទឹកមួយទៀតនៅថៃ គឺទំនប់ ចៅប្រាយ៉ា រៀបនឹងបើករំដោះទឹកចេញក្នុងល្បឿនដ៏លឿន  ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលនឹងបង្កជាជំនន់ធ្ងន់ធ្ងរដល់ខេត្តនៅផ្នែកខាងក្រោម បន្ថែមបន្ទុកកាន់តែធំ ស្របពេលប្រទេសនេះ កំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ទៅហើយ។

ទំនប់ចៅប្រាយ៉ា 

តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា, នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញការព្រមានខេត្តបណ្តាខេត្តនានា ជាពិសេសខេត្ត Ang Thong ព្រោះថា ការបង្កើនល្បឿនបើកទ្វារទឹករំដោះចេញនេះ នឹងធ្វើឱ្យកម្ពស់ទឹកទន្លេ ហក់ឡើងពី ១ម៉ែត្រ-១.២ម៉ែត្រ បង្កើតជាជំនន់ធ្ងន់ធ្ងរ។

ដោយសារតែហានិភ័យគ្រោះថ្នាក់! DDPM បានចេញការព្រមានដល់ពលរដ្ឋក្នុង Pa Mok, Wiset Chai Chan, Mueang Ang Thong និង Chaiyo ត្រូវប្រញាប់ជម្លៀស និងរើអីវ៉ែអីវ៉ាន់ ទៅកាន់ទីទួលសុវត្ថិភាព ជាបន្ទាន់។

រឿងនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ខេត្ត Kanchanaburi ឯណោះ ក៏ជម្លៀសពលរដ្ឋ ៤០០គ្រួសារជាបន្ទាន់ផងដែរ ដោយសារតែគ្រោះទឹកជំនន់រហ័ស ដែលកំពុងវាយប្រហារធ្ងន់ធ្ងរ ខណៈស្ថានភាពទឹកនៅទំនប់ Mae Klong ក៏ឈានដល់កម្រិតប្រកាសអាសន្ន បង្ខំឱ្យមន្ត្រីជំនាញ ត្រូវបើករំដោះទឹកចេញទ្វារទឹកទាំង៨ ព្រមគ្នា ក្នុងអត្រាលឿនជាងមុន ដើម្បីបង្ការហានិភ័យ នៃការបាក់ធ្លាយ។

ទំនប់ Mae Klong

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋទាំង ៤០០គ្រួសារនោះ សុទ្ធសឹងជាអ្នករស់នៅតាមដងទន្លេ Songkalia ក្នុងស្រុក Sangkhla Buri។

ការជម្លៀសនោះទៀតសោត ធ្វើឡើង ក្រោយពេលនាយកដ្ឋានធនធានទឹកថៃ (RID) ប្រកាសថា ទំនប់ Mae Klong នឹងទម្លាយទឹក រឹតខ្លាំងក្នុងកម្រិតរហូតដល់ ១ ៨០០ម៉ែត្រគូប ក្នុងមួយវិនាទី ដែលជាហេតុ បង្កជាជំនន់ធ្ងន់ធ្ងរ នៅតាមបណ្តាខេត្តខាងក្រោមខ្សែទឹក។

គិតត្រឹមថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ នៅថៃ ព្រោះទឹកជំនន់ បានកើនដល់ ២៣នាក់ហើយ ក្នុងនោះមាន ៤នាក់ស្លាប់នៅបាងកក ខណៈទិន្នន័យពី ផ្កាយរណប បង្ហាញថា ផ្ទៃដីរហូតដល់ទៅជាង ២៦០ ៨០០ហិកតា នៅទូទាំង ២៩ខេត្ត ត្រូវទឹកជន់លិច៕

 

ព័ត៌មានទាក់ទង
×
Popup Banner