ទឹកជំនន់នៅថៃ បណ្តាលឱ្យមនុស្សស្លាប់ ២៣នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ ២៩ខេត្ត
ផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅថៃ ពិតជាធ្ងន់ធ្ងរមែនទែន ខណៈគិតត្រឹមថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ទូទាំងប្រទេសបានកើនដល់ ២៣នាក់ហើយ ក្នុងនោះមាន ៤នាក់ស្លាប់នៅបាងកក។

តាមការផ្សាយរបស់ Malay Mail, ក្រៅពីពលរដ្ឋថៃ ៤នាក់ស្លាប់ក្នុងទីក្រុងបាងកក នៅមាន ៨នាក់ស្លាប់នៅខេត្ត Samut Prakan, ៦នាក់នៅ Sa Kaeo និងអ្នកផ្សេងៗទៀតនៅ Chanthaburi, Ayutthaya និង Saraburi។
ទន្ទឹមនោះ បើតាមការទម្លាយទិន្នន័យពី ផ្កាយរណប បានបង្ហាញថា ផ្ទៃដីរហូតដល់ទៅជាង ២៦០ ៨០០ហិកតាឯណោះ នៅទូទាំង ២៩ខេត្ត ត្រូវទឹកជន់លិច។

រូបភាពពីផ្កាយរណប Sentinel-1D របស់ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យាភូមិសាស្ត្រថៃ ហៅកាត់ថា GISTDA បានលាតត្រដាងយ៉ាងច្បាស់ ពីផលប៉ះពាល់ ដែលលាតសន្ធឹងចាប់ពីតំបន់ភាគខាងកើតប្រទេសទៅ។
ក្នុងនោះគេឃើញថា ខេត្តមួយចំនួន ក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុតទាំង២៩ មានដូចជា Pathum Thani, Nonthaburi, Ayutthaya, Kanchanaburi, Rayong, Prachin Buri និង Ratchaburi ព្រមទាំងរាជធានី បាងកក ផងដែរ។

ក្រៅពីនោះ ប្រជាពលរដ្ឋប្រមាណ ៧០ ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងរាជធានី សាលារៀននានា បានបន្តបិទទ្វារពីរថ្ងៃជាប់គ្នា។
មិនត្រឹមប៉ុណ្ណឹង ប្រជាពលរដ្ឋជិត ៧ ០០០ នាក់ ត្រូវបានជម្លៀសទៅកាន់មណ្ឌលស្នាក់នៅបណ្តោះអាសន្ន ជាង ២៣០កន្លែង ដែលរៀបចំឡើងទូទាំងទីក្រុង៕


