Detail Top Banner – Conway

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ការបញ្ជូននេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងនោះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១-ឈ្មោះ វង្ស ជីឈីង ភេទប្រុស អាយុ៣២ឆ្នាំ (ជួញដូរ រក្សាទុក និងប្រើប្រាស់), ទី២-ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ២២ឆ្នាំ (ប្រើប្រាស់) និងទី៣-ឈ្មោះ សំ ផល្លី ហៅសក់វែង ភេទប្រុស អាយុ៤០ឆ្នាំ (ជួញដូរ រក្សាទុក និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ទម្ងន់០,៥០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ទម្ងន់២,១៧ក្រាម, ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃ ចំនួន០២គ្រឿង និងកាបូបស្ពាយពណ៌ខ្មៅ ចំនួន០១។ ក្រោយការសួរនាំ ជនសង្ស័យទាំងអស់បានសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកលក់ និងប្រើប្រាស់ដោយខ្លួនឯងពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបករណីនេះ គឺទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន សំណុំរឿងជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

 

 

ព័ត៌មានទាក់ទង
×
Popup Banner