Detail Top Banner – Conway

នគរបាលខេត្តតាកែវ ចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង សម្អាតប្រាក់ ឃាត់ខ្លួនស្រ្តីម្នាក់នគរបាលខេត្តតាកែវ ចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង សម្អាតប្រាក់ ឃាត់ខ្លួនស្រ្តីម្នាក់

កម្លាំងនគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង សម្អាតប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងប្រព្រឹត្តសកម្មភាពឆបោកអនឡាញ នៅក្នុងលំនៅឋានរបស់ខ្លួនផ្ទាល់។

កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ថ្មីៗ នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានរកឃើញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ត ឡៃហ៊ាង ភេទស្រី អាយុ ២៣ ឆ្នាំ។

ផ្អែកតាមការស៊ើបអង្កេត និង ប្រមូលព័ត៌មានយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យរូបនេះ បានពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មជាប្រព័ន្ធតាំងពីឆ្នាំ ២០២៣ ដោយឆ្លងកាត់យុទ្ធសាស្ត្រប្រតិបត្តិការជាច្រើនដំណាក់កាល។ ក្រោយពីមានយុទ្ធនាការបង្ក្រាបទីតាំង Scams យ៉ាងក្តៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បណ្តាញឧក្រិដ្ឋកម្មនេះ បានប្តូរយុទ្ធសាស្ត្រពីការប្រមូលផ្តុំទៅជារចនាសម្ព័ន្ធបំបែកទីតាំង (Decentralization)។ មេខ្លោង (ថៅកែជនជាតិចិន) និង អ្នកគ្រប់គ្រងផ្ទាល់ជនជាតិខ្មែរ បានបញ្ជាឲ្យបុគ្គលិកទាំងអស់ រួមទាំងជនសង្ស័យខាងលើ យកការងារទៅបន្តធ្វើនៅតាមផ្ទះ ឬ បន្ទប់ជួលរៀងៗ ខ្លួន ដើម្បីគេចវេសពីការតាមដានរបស់សមត្ថកិច្ច។

កម្លាំងជំនាញ បានរកឃើញភស្តុតាងរឹងមាំបញ្ជាក់ថា ទង្វើរបស់ជនសង្ស័យមិនមែនគ្រាន់តែជាការស៊ីឈ្នួលដក/ដាក់ប្រាក់កម្រិតធម្មតានោះទេ ប៉ុន្តែជាសកម្មភាពស៊ីជម្រៅដែលជាធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមមាន ៖ • បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Fraud/Online Scams) ​៖ ជនសង្ស័យបាននិងកំពុងប្រតិបត្តិការយ៉ាងសកម្ម ដោយប្រើប្រាស់រូបភាព និង ថ្នាលល្បែងស៊ីសងអនឡាញ ធ្វើជានុយ ដើម្បីអូសទាញ និង ឆបោកប្រាក់ពីជនរងគ្រោះ ជាមួយនឹងចេតនាទុច្ចរិតច្បាស់លាស់។ កន្លងមក ជនសង្ស័យធ្លាប់មានប្រវត្តិបង្កើតគណនីក្លែងក្លាយ (Account ស្រីស្អាត) ដើម្បីឆបោកជនបរទេសផងដែរ។ • បទល្មើសសម្អាតប្រាក់ (Money Laundering) ៖ សកម្មភាព នៃការចាត់ចែងសាច់ប្រាក់របស់ជនសង្ស័យ មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងប្រតិបត្តិការបន្លំធ្វើជាការវិនិយោគ (Fake Investments) និង ការទិញ-លក់ រូបិយប័ណ្ណឌីជីថល (Cryptocurrency)។ នេះគឺជាយន្តការលាងសម្អាតប្រាក់ (Layering & Integration) ដ៏ស្មុគស្មាញ ដើម្បីបង្វិលប្រាក់ដែលបានមកពីបទល្មើសឆបោក ឲ្យក្លាយជាប្រាក់ស្របច្បាប់ មុននឹងបញ្ជូនទៅកាន់មេខ្លោងនៅពីក្រោយ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅស្វែងរកចាប់ខ្លួនមេខ្លោង និង បក្ខពួកដែលពាក់ព័ន្ធផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ៕

ព័ត៌មានទាក់ទង
×
Popup Banner