សង្គ្រាមនៅប្រទេសយេម៉ែន ឯណោះ ក៏កំពុងពុះកញ្ជ្រោលយ៉ាងក្តៅគគុកផងដែរ ដែលជាការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី និងកងទ័ពរដ្ឋាភិបាល ថែមទាំងមានការលូកដៃពីបរទេសទៀតផង ខណៈកាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ កងទ័ពយេម៉ែន ប្រកាសថា ត្រឹម២៤ម៉ោងប៉ុណ្ណោះ ពួកគេបានបើកការវាយប្រហារដល់ទៅ ៤៧៤លើក បណ្តាលឱ្យសកម្មប្រយុទ្ធហ៊ូធី ១ ៥៤០នាក់ ស្លាប់និងរបួស។

តាមការផ្សាយរបស់ Anadolu ដែលដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពយេម៉ែន លោក Majed Abdullah al-Nazili,កងទ័ពរដ្ឋាភិបាល បានបើកប្រតិបត្តិការនៅតំបន់ Haradh, Kitaf, Al-Jawf, Marib, Al-Bayda, Lahj, Sanaa, Saada និង Taiz ដើម្បីកំណត់គោលដៅលើមូលដ្ឋាន និងទីតាំង ព្រមទាំងការចល័តរបស់ក្រុមហ៊ូធី ហើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ សកម្មប្រយុទ្ធហ៊ូធី ស្លាប់និងរបួសច្រើនបំផុត គឺនៅសមរភូមិ Taiz។

លោក al-Nazili បញ្ជាក់ថា ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កងទ័ពយេម៉ែន បានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន បូករួមទាំងយន្តហោះចម្បាំង និងដ្រូនផងដែរ ដើម្បីកម្ទេចទីតាំងឈរជើងរបស់ក្រុមហ៊ូធី។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ប្រតិបត្តិការនេះ ទទួលបានជោគជ័យ ក្នុងការរារាំងក្រុមហ៊ូធី មិនឱ្យពង្រីកខ្លួន និងពង្រឹងទីតាំងឈរជើងក្នុងខេត្ត Taiz បានឡើយ។

សូមជម្រាបជាថ្មី! ប្រទេសយេម៉ែន បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល យ៉ាងសាហាវ ចាប់តាំងពីក្រុមហ៊ូធី វាយដណ្តើមយករដ្ឋធានី Sanaa និងខេត្តជាច្រើនក្នុងឆ្នាំ ២០១៤ ដែលជំរុញឱ្យសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ត្រូវបង្ខំចិត្ត ធ្វើអន្តរាគមន៍ក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ។

យ៉ាងណា ក្នុងឆ្នាំ២០២២ បទឈប់បាញ់បណ្តោះអាសន្នមួយ បានលេចចេញជារូបរាង ប៉ុន្តែក្រោយមកការប្រយុទ្ធគ្នា ក៏ផ្ទុះឡើងជាថ្មី ក្រោយភាគីទាំងសងខាងចោទប្រកាន់គ្នា ថា រំលោភបទឈប់បាញ់៕


