Detail Top Banner – Conway

G7 ព្រមព្រៀងបញ្ចេញប្រេងពីស្តុក ក្រោយ ត្រាំ ដាក់សម្ពាធ

សមាជិកនៃក្រុមប្រទេសអភិវឌ្ឍទាំង ៧ (G7) បានព្រមព្រៀងគ្នាបញ្ចេញប្រេងឆៅ និងប្រេងម៉ាសូតប្រមាណ ១០០ លានបារ៉ែលពីស្តុកគ្រាអាសន្ន ដើម្បីបង្កើនការផ្គត់ផ្គង់ និងបន្ធូរបន្ថយសម្ពាធលើតម្លៃប្រេង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់សម្ពាធឱ្យប្រទេសសម្ព័ន្ធមិត្តចាត់វិធានការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមព្រៀងនេះ ធ្វើឡើងខណៈដែលតម្លៃប្រេងឆៅអន្តរជាតិ Brent បន្តជួញដូរលើសពី ១០០ ដុល្លារ/បារ៉ែល ដោយសារតែសង្រ្គាមរបស់ ត្រាំ ប្រឆាំងអ៊ីរ៉ង់ និងចំពេលដែលតម្លៃថាមពលនៅអាមេរិកហក់ឡើងខ្ពស់ ផ្ទុយទៅនឹងអ្វីដែលប្រធានាធិបតីរូបនេះធ្លាប់សន្យាសម្រាប់ពលរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍រួម G7 បាននិយាយថា៖ «យើងនឹងអនុវត្តការប្តេជ្ញាចិត្តរបស់យើង តាមរយៈការបញ្ចេញប្រេងដែលសម្របសម្រួលដោយ IEA ប្រមាណ ១០០លានបារ៉ែល»។ ការបញ្ចេញប្រេងនឹងចាប់ផ្តើមភ្លាមៗ និងបន្តរយៈពេល ៤ខែ ដោយប្រេងម៉ាសូតមួយផ្នែកធំនឹងត្រូវបញ្ចេញក្នុងរយៈពេល ២០ថ្ងៃខាងមុខ។

ការសម្រេចនេះកើតឡើងក្រោយរដ្ឋាភិបាល ត្រាំ ជំរុញឱ្យអឺរ៉ុបបញ្ចេញស្តុកប្រេងបន្ទាន់ ខណៈក្រុងវ៉ាស៊ីនតោនបានព្រមានថា អាមេរិកអាចដាក់កំហិតលើការនាំចេញប្រេងម៉ាសូត ប្រសិនបើប្រទេសដទៃមិនចូលរួមបង្កើនការផ្គត់ផ្គង់។

ប៉ុន្តែ Trump បានបញ្ជាក់ថា អាមេរិកនឹងមិនហាមឃាត់ការនាំចេញប្រេងម៉ាសូតទេ។ លោកថ្លែងថា៖ «យើងនឹងមិនធ្វើការហាមឃាត់ការនាំចេញទេ។ យើងនឹងធ្វើអ្វីដែលយើងគួរតែធ្វើ»។

ដោយឡែក G7 ក៏បានសន្យាថា នឹងមិនដាក់កំហិតលើការនាំចេញប្រេង និងផលិតផលថាមពលរវាងប្រទេសសមាជិកឡើយ។ ការសន្យានេះមានគោលបំណងធានាថា ប្រេងនៅតែអាចដឹកជញ្ជូនទៅកាន់ប្រទេសដែលត្រូវការបាន ដើម្បីជួយបង្កើនការផ្គត់ផ្គង់នៅអឺរ៉ុប។

បច្ចុប្បន្ន អឺរ៉ុបពឹងផ្អែកកាន់តែខ្លាំងលើប្រេងម៉ាសូតពីអាមេរិក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានរំខានដល់ការផ្គត់ផ្គង់ពីតំបន់ឈូងសមុទ្រ។

ការបញ្ចេញស្តុកប្រេងនេះ ក៏កើតឡើងនៅពេល ត្រាំ កំពុងប្រឈមនឹងសម្ពាធនយោបាយពីកំណើនតម្លៃនៃការរស់នៅនៅសហរដ្ឋអាមេរិក​។ ការស្ទង់មតិ Reuters/Ipsos ចន្លោះថ្ងៃទី ១៧-២០ ខែកញ្ញា បង្ហាញថា អត្រាគាំទ្រលោកមានត្រឹម ៣២% ខណៈមានតែ ១៧% ប៉ុណ្ណោះដែលពេញចិត្តចំពោះការដោះស្រាយបញ្ហា​ទំនិញឡើងថ្លៃរបស់លោក។

ពេលនេះ រដ្ឋបាល ត្រាំ កំពុងផ្តោតខ្លាំងលើការបញ្ចុះតម្លៃថាមពល ខណៈតម្លៃប្រេងម៉ាសូតនៅអាមេរិកបានឡើងដល់កម្រិតខ្ពស់លើស ៦ ដុល្លារ/ហ្គាឡុង កាលពីពេលថ្មីៗ។

ជុំវិញវិបត្តិថាមពលដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់ដូចគ្នា កាលពីខែមីនា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានសម្របសម្រួលការបញ្ចេញប្រេងពីស្តុកសង្គ្រោះបន្ទាន់ប្រមាណ ៤០០លានបារ៉ែល ដែលជាការបញ្ចេញស្តុកប្រេងដ៏ធំបំផុតមិនធ្លាប់មាន៕

ព័ត៌មានទាក់ទង
×
Popup Banner