លោកឧត្តមសេនីយ៍ Turki al-Malki អ្នកនាំពាក្យកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បានថ្លែងថា យន្តហោះចម្បាំងប្រហែល ១០០ គ្រឿង នៃសម្ព័ន្ធមិត្តយោធារបស់ខ្លួន បានបើកការវាយប្រហារជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ក្នុងយុទ្ធនាការមួយដែលត្រូវបានហៅថា «ប្រតិបត្តិការព្រលឹមស្រាងៗនៃយេម៉ែន»។

យោងតាមការចេញផ្សាយពី Times Of Israel លោកបានប្រកាសនៅលើបណ្តាញសង្គម X ថា ការវាយប្រហារទាំងនោះ បានបំផ្លាញគោលដៅសំខាន់ៗ ចំនួន ៣២៤ កន្លែង ហើយបច្ចុប្បន្នសម្ព័ន្ធមិត្តកំពុងផ្តល់ការការពារតាមអាកាសសម្រាប់នាវាចរណ៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។
ឧត្តមសេនីយ៍រូបនេះ ថែមទាំងគូសបញ្ជាក់បន្ថែមថា សម្ព័ន្ធមិត្តក៏កំពុងផ្តល់ការគាំទ្រតាមអាកាស «២៤ម៉ោងលើ២៤ម៉ោង» ដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែននៅលើដីផងដែរ។
កាលពីម្សិលមិញ រដ្ឋាភិបាលស្របច្បាប់របស់យេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួនកំពុងបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយដណ្តើមយកតំបន់ទាំងអស់នៅក្នុងប្រទេស ដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ូធី កងជីវពលគាំទ្រដោយប្រទេសអ៊ីរ៉ង់ មកវិញ។
ជាការឆ្លើយតប ក្រុមហ៊ូធីបានបាញ់ស្រោចនូវគ្រាប់មីស៊ីលបាលីស្ទីក មីស៊ីលប្រភេទ Cruise និងដ្រូន (UAVs) ជាច្រើនគ្រឿង សំដៅទៅលើព្រលានយន្តហោះ King Khalid ក្នុងក្រុងរីយ៉ាដ រោងចក្រចម្រាញ់ប្រេង Aramco ក្នុងក្រុង Rabigh ព្រលានយន្តហោះ Abha មូលដ្ឋានទ័ពអាកាសក្បែរក្រុង Khamis Mushait និងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។
សូមជម្រាបជូនថា ការវាយប្រហារទាំងនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលយេម៉ែន បានប្រកាសកាលពីថ្ងៃទី ៤ ខែតុលា នូវគោលដៅមហិច្ឆតារបស់ខ្លួនក្នុងការវាយដណ្តើមយកមកវិញនូវរាល់តំបន់គ្រប់គ្រងដោយក្រុមហ៊ូធី អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដែលជាកន្លែងមានប្រជាជនរស់នៅច្រើនបំផុត៕


