ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ ភ្លាមៗក្រោយធ្វើសកម្មភាពកាប់ប្លន់និងបោកគ្រាប់បែក លើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត របួស១នាក់កាលពីនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បើតាមលោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានអោយដឹងនៅព្រឹកថ្ងៃទី១៦នេះ ថាកាលពីយប់មិញមានក្មេងទំនើង១ក្រុម ជិះម៉ូតូធ្វើសកម្មភាពដេញកាប់និងគប់គ្រាប់បែក ទៅលើបុគ្គលិក ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ខណៈពេលធ្វើដំណើរតាមផ្លូវបណ្តាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅបញ្ជូនបន្តទៅមន្ទីពេទ្យ។
ក្រោយហេតុការភ្លាមៗ ដោយមានការបញ្ជាណែនាំពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និង ការចុះផ្ទាល់កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានចេញអន្តរាគមន៍ ភ្លាមៗឃាត់ខ្លួនជនសង្ស័យ១នាក់នៅកន្លែងកើតហេតុ។


ក្រោយឃាត់ខ្លួនសាកសួរសមត្ថកិច្ចបានបន្តឈានទៅ ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ថែមទៀតសរុប៦នាក់កំពុងអនុវត្តនីតិវិធី។ លោកមេប៉ុស្តិ៍បានបញ្ជក់ថា តាមការសន្និដ្ឋានបឋម ជាករណីក្មេងទំនើងបោកគ្រាប់បែក ខាងលើជាករណីកាប់យកម៉ូតូពីជនរងគ្រោះ។
បច្ចុប្ន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ចាប់ខ្លួនក្រុមក្មេងទំនើងដែលពាក់ព័ន្ធធ្វើសកម្មភាពគប់ គ្រាប់បែកខាងលើបន្ថែមទៀត៕



