Detail Top Banner – Conway

ថ្ងៃ​ភ្ជុំបិណ្ឌ នគរបាល​ជាតិ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជាង​១០​នាក់ ថយ​ជាង​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពោល​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ សមត្ថកិច្ច​ជំនាញ នៃ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ១៤​នាក់ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ចំនួន​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៥ បាន​ថយ​ចុះ​សរុប​១៦​នាក់ ។

ការ​ថយ​ចុះ នៃ​បទល្មើស​បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព របស់​រាជ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

ការ​ថយ​ចុះ​នេះ​ដែរ ក៏​បាន​ស្ដែង​ឱ្យ​ឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធានា​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​សំដៅ​លុប​បំបាត់ និង​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង​នៅ​តាម​មូលដ្ឋាន ។

កាលពី​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥ គិត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង សរុប​៣០​នាក់ ដោយ​ភាគច្រើន​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី មុន​នឹង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ៕

ព័ត៌មានទាក់ទង
×
Popup Banner