ជាថ្មីម្តងទៀត ភាគីអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបើកច្រក Hormuz ឱ្យមានការធ្វើនាវាចរណ៍តាមធម្មតាវិញ បើសហរដ្ឋអាមេរិក ព្រមតាមលក្ខខណ្ឌដែលដាក់ក្នុងសំណើ ផ្ញើទៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន។

បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Abbas Araghchi ដែលត្រូវបានដកស្រង់ផ្សាយដោយ RT កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦, សំណើរយៈពេល ៧ថ្ងៃរបស់ទីក្រុងតេហេរ៉ង់ ក្នុងការបើកច្រកសមុទ្រនេះឡើងវិញ នៅតែស្ថិតលើតុចរចានៅឡើយ។
សម្រាប់សំណើដែលបញ្ជូនទៅអាមេរិក កាលពីពាក់កណ្តាលខែកញ្ញា, លោក Araghchi អះអាងថា បច្ចុប្បន្នទីក្រុងតេហេរ៉ង់ កំពុងពិនិត្យ ហើយបើសហរដ្ឋអាមេរិក ទទួលយកលក្ខខណ្ឌរបស់ខ្លួន ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ អាចនឹងបើកដំណើរការឡើងវិញក្នុងរយៈពេល ៦ថ្ងៃ ហើយការចរជាផ្លូវការ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ៧។

ក្នុងលក្ខខណ្ឌដែលចងនោះ! ទីក្រុងតេហេរ៉ង់ ទាមទារឱ្យអាមេរិក លើកលែងការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់ខ្លួន លុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចេញប្រេងរបស់អុីរ៉ង់ និងបញ្ចប់ជម្លោះក្នុងតំបន់នៅលើគ្រប់សមរភូមិ រួមទាំងលីបង់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាមួយទៀត ដែលជាឧបសគ្គធំ ក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ គឺការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យអុីរ៉ង់ដោះស្រាយកម្មវិធីនុយក្លេអ៊ែរជាមុនសិន។
ពាក់ព័ន្ធរឿងនេះ អនុប្រធានាធិបតីអាមេរិក JD Vance បានថ្លែងរួចហើយ កាលពីដើមខែនេះថា អុីរ៉ង់ ត្រូវតែកាត់បន្ថយសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមឱ្យឃើញជាក់ស្តែងសិន ទើបអាមេរិក ព្រមតាមលក្ខខណ្ឌដែលដាក់មក ប៉ុន្តែអ៊ីរ៉ង់ នៅតែរឹងទទឹង។

ជុំវិញកិច្ចព្រមព្រៀងសន្តិភាពនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានលើកឡើងថា ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានផ្លាស់ប្តូរនូវសំណើថ្មីៗរួចហើយ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
យ៉ាងណា សហរដ្ឋអាមេរិក នៅតែមិនទាន់ឃើញមានប្រតិកម្មអ្វី ដ្បិតលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែព្រមានថា ជម្រើសវាយប្រហារយោធា នៅតែស្ថិតលើតុជានិច្ច ក្នុងករណីអ៊ីរ៉ង់ មិនព្រមតាមការទាមទាររបស់ខ្លួន៕


