Detail Top Banner – Conway

លោកស្រី Cooper៖ កម្ពុជា-ថៃ សម្រេចបានលទ្ធផលជាក់សែងលើកដំបូង ក្នុងដំណើរការចរចាបញ្ហាព្រំដែនសមុទ្រ

លោកស្រី Katrina Cooper ប្រធានគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជា និងថៃ សម្រេចបានលទ្ធផលជាក់ស្តែងជាដំបូងក្នុងដំណើរការសម្របសម្រួលដោះស្រាយវិវាទព្រំដែនសមុទ្រ ក្រោយពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការសម្របសម្រួល ដែលធ្វើឡើងនៅវិមានសន្តិភាព (Peace Palace) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។

យោងទៅតាមសារព័ត៌មាន Thai PBS World លោកស្រី Cooper បានប្រកាសថា កម្ពុជា និងថៃ បានព្រមព្រៀងលើវិធានការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនការយោគយល់គ្នា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។ កិច្ចប្រជុំ បានផ្តោតលើការពិភាក្សាបញ្ហាច្បាប់ និងបច្ចេកទេស ព្រមទាំងការបង្ហាញភស្តុតាង និងជំហររបស់ភាគីទាំងពីរអំពីការកំណត់ព្រំដែនសមុទ្រ។

លោក​ស្រី Katrina Cooper។ រូប Thai PBS World

លោកស្រី Cooper បានចាត់ទុកការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តនេះថា ជាសមិទ្ធផលដ៏សំខាន់មួយ ដោយលោកស្រីបានបញ្ជាក់ថា នេះជាលទ្ធផលជាក់ស្តែងដំបូងគេចាប់តាំងពីគណៈកម្មការត្រូវបានបង្កើតឡើង។

លោកស្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំសូមស្វាគមន៍ជាពិសេសចំពោះវិធានការកសាងទំនុកចិត្តទាំងនេះ ដែលខ្ញុំចាត់ទុកថាជាជំហានដ៏សំខាន់។ នេះជាលទ្ធផលជាក់ស្តែងដំបូងនៃដំណើរការសម្របសម្រួល ចាប់តាំងពីគណៈកម្មការត្រូវបានបង្កើតឡើង»។

ប្រធានគណៈកម្មការរូបនេះបានបន្ថែមថា លទ្ធផលនេះឆ្លុះបញ្ចាំងពីភាពបត់បែនរបស់ភាគីទាំងពីរ និងទំនុកចិត្តដែលប្រទេសទាំងពីរបានផ្តល់ដល់ដំណើរការសម្របសម្រួល។ លោកស្រីក៏បានកត់សម្គាល់ថា ការពិភាក្សាអំពីព្រំដែនសមុទ្រមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជួយឱ្យគណៈកម្មការយល់កាន់តែច្បាស់ពីបញ្ហាដែលនៅសេសសល់ និងកំណត់ជំហានបន្ទាប់សម្រាប់ការចរចា។

កិច្ចប្រជុំលើកទី២នេះបានបន្តពីកិច្ចប្រជុំលើកដំបូងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ ក្នុងជំនួបចុងក្រោយ ភាគីទាំងពីរបានពន្យល់លម្អិតអំពីជំហររៀងៗខ្លួនចំពោះបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ មុនឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត។

តាមសេចក្តីប្រកាសរបស់គណៈកម្មការ វិធានការទាំងនេះមានគោលបំណងពង្រឹងទំនុកចិត្តទៅវិញទៅមក កែលម្អការប្រាស្រ័យទាក់ទង និងបង្កើតបរិយាកាសដែលអាចជួយឱ្យប្រទេសទាំងពីរស្វែងរកកិច្ចព្រមព្រៀងមួយដោយសន្តិវិធី និងយុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ជាថ្មីថា ថៃប្តេជ្ញាសហការពេញលេញ និងដោយស្មោះត្រង់ជាមួយគណៈកម្មការ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះវិវាទព្រំដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងខិតខំអនុវត្តវិធានការដែលបានព្រមព្រៀងគ្នាឱ្យមានប្រសិទ្ធភាព។

ចំណែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញការយោគយល់គ្នា និងស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់កម្ពុជាបានបញ្ជាក់ថា ប្រទេសទាំងពីរទទួលស្គាល់សិទ្ធិរៀងៗខ្លួនក្នុងការចេញសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់អំពីការពិត។ ទន្ទឹមនឹងនេះ គណៈកម្មការបានកត់សម្គាល់ថា ការយោគយល់ និងវិធានការមួយចំនួនដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាពីមុនមក មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ ហើយបានជំរុញឱ្យភាគីទាំងពីរបំពេញការប្តេជ្ញាចិត្តដែលមានស្រាប់។

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលជាមួយកម្ពុជា និងថៃ គ្រោងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងបន្តពិនិត្យវិធានការកសាងទំនុកចិត្ត និងជំហានបន្ទាប់ក្នុងដំណើរការចរចាដោះស្រាយវិវាទព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ៕

រូបភាព Thai PBS World

ប្រភព៖ Thai PBS World

ព័ត៌មានទាក់ទង
×
Popup Banner