Detail Top Banner – Conway

ធនាគារពិភព​លោកឱ្យថៃខ្ចី ២០០ លានដុល្លារ សម្រាប់វិនិយោគថាមពលស្អាត

ប្រទេសថៃទទួលបានកញ្ចប់ប្រាក់កម្ចីចំនួន ២០០ លានដុល្លារពីធនាគារពិភពលោក (World Bank) ដើម្បីជំរុញការវិនិយោគលើថាមពលស្អាត និងការអភិវឌ្ឍទីក្រុងដែល​បំភាយកាបូនតិច។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញផ្សព្វផ្សាយព័ត៌មាន Thai PBS World។

គម្រោងប្រាក់កម្ចីនេះត្រូវបានធនាគារពិភពលោកអនុម័តតាំងពីខែកក្កដា ឆ្នាំ២០២៦ មកម្ល៉េះ ហើយត្រូវបានលើកយកមកពិភាក្សាបន្ថែមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក នៅទីក្រុងបាងកក កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Lalida Periswiwatana បានប្រកាសកាលពីថ្ងៃអាទិត្យថា ​ប្រាក់កម្ចីនោះត្រូវប្រើសម្រាប់ផ្ដល់​ហិរញ្ញប្បទានដល់ថាមពលស្អាត និងការអភិវឌ្ឍដែលបំភាយកាបូនតិច ដោយគិតគូរដល់ផលប៉ះពាល់លើសហគ្រាសធុនតូច និងមធ្យម កម្មករ កសិករ និងសហគមន៍មូលដ្ឋានផងដែរ។

ប្រាក់កម្ចីដដែល​នឹងត្រូវធានាដោយក្រសួងហិរញ្ញវត្ថុថៃ និងបញ្ជូនតាមរយៈធនាគារនាំចេញ-នាំចូលថៃ (EXIM Bank) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងសន្សំសំចៃថាមពល។ គម្រោងទាំងនេះរួមមាន ការដំឡើងបន្ទះសូឡាលើដំបូល ការកែលម្អប្រព័ន្ធអគ្គិសនីនៅសាលារៀន មន្ទីរពេទ្យ និងការិយាល័យរដ្ឋបាលមូលដ្ឋាន ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ។

ក្រោមគម្រោងកម្ចី ក្រុមហ៊ុនផ្តល់សេវាថាមពល (ESCOs) ​នឹងជួយរ៉ាប់រងថ្លៃដើមនៃការកែលម្អប្រព័ន្ធថាមពល ដោយអនុញ្ញាតឱ្យស្ថាប័ន​ពាក់ព័ន្ធ សងប្រាក់ត្រឡប់វិញតាមក្រោយជាបណ្តើរៗ។ វិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយបន្ទុកចំណាយដំបូង សម្រាប់គម្រោងសាកល្បងនៅទីក្រុងបាងកក និងតំបន់ឧស្សាហកម្ម។

ក្រៅពីនេះ កិច្ចព្រមព្រៀងស្តីពីការជំរុញការវិនិយោគបរិស្ថាន និងគំរូហិរញ្ញប្បទានមួយចំនួន ក៏ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែតុលា ផងដែរ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas ក៏បានជួបពិភាក្សាជាមួយប្រធានក្រុមធនាគារពិភពលោក លោក Ajay Banga អំពីការអភិវឌ្ឍទីក្រុងបំភាយកាបូនតិច និងសន្តិសុខថាមពល៕

ព័ត៌មានទាក់ទង
×
Popup Banner