អាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញ បានស្ទាក់ចាប់មនុស្ស ៥នាក់ និងគ្រឿងសមុទ្រជិត ៤តោន ព្រមទាំងទំនិញប្រើប្រាស់ ២៣មុខ ដែលលួចនាំចូលពីប្រទេសថៃ។

លោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា ការបង្ក្រាបក្រុមដែលតែងតែលួចលាក់ដឹកទំនិញតាមផ្លូវទឹកសមុទ្រពីថៃមកកម្ពុជា ធ្វើឡើងនៅវេលាម៉ោងជិតទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅ ២ទីតាំង ផ្សេងគ្នា ពេលកំពុងឡើងទំនិញ ស្ថិតនៅចំណុចព្រែកភេរ ភូមិកោះចាក និងព្រែកតាមូល ភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកអភិបាលស្រុកមណ្ឌលសីមាដដែល បង្ហាញទៀតថា ទំនិញខុសច្បាប់ដឹកពីប្រទេសថៃ រួមមាន៖ ត្រីបបែល ៣៥កេស, ខ្យងដូង ១៣កេស, ខ្យងភ្នែកប្រើស ២កេស, ជង្គង់មាន់ ៤កេស, ត្រីមេមាន់ ២កេស, ម្សៅដោះគោហាកាដូ ១កេស, ខោអាវ ១ថង់តូច, ថ្នាំពណ៌សេក ៥កេស, ថ្នាំពណ៌ម៉ាក CMP ២កេស, ប្រេងម៉ូតូ ២កេស, សាំងក្រអូប ១កេស, ស្រោមដៃ ៣ប្រអប់, ខ្សែដេម៉ុង ២បេ, ម៉ុង ២ដុំធំ, សំណាញ់ជ័របៃតង ១ដុំធំ, ស្បៃខ្មៅ ៣ដុំ, ប៊ូឡុង ២៨បាវ, លួស ១៥ដុំ, ម្សៅបិទទូក ៥បាវ និងកាឆេ ៥៤កាឆេ។

ដោយឡែក លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងថា អត្តសញ្ញាណជនសង្ស័យកំពុងសាកសួរចម្លើយលម្អិតបន្ថែម មុននឹងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ ចំពោះវត្ថុតាងមាន៖ រថយន្តម៉ាក Starex ចំនួន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CD-0729, រថយន្តម៉ាក សាំងយ៉ុង ចំនួន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-0137, ទូក ១គ្រឿង, ស្បៃពណ៌ខ្មៅចំនួន ៣ដុំ, កាឆេចំនួន ៥៥, កេសក្រដាសចំនួន ១៩កេស, បាវច្រកអីវ៉ាន់ចំនួន ៨បាវ, សាច់ម៉ុង ២ដុំ, កេសស្នោចំនួន ៣៧កេស និងបាវអីវ៉ាន់ចំនួន ២៨បាវ ត្រូវបានរឹបអូសធ្វើជាវត្ថុតាង៕







