Detail Top Banner – Conway

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams នៅខណ្ឌពោធិ៍សែនជ័យ រកឃើញជនជាតិចិន និងកូរ៉េ២០នាក់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅអគារខុនដូរ ប៊ូ ដោយជូ ប្លុក C ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ឯក ឃុនជឿន និងលោក ពេញ ភារម្យ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល នៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញជនបរទេសចំនួន ២០នាក់ មាន២សញ្ជាតិ (ចិន និងកូរ៉េ)។ ក្នុងចំណោមនោះ ជនបរទេសចំនួន ១៣នាក់ (កូរ៉េ ២នាក់, ចិន ១១នាក់) ត្រូវបានរកឃើញថាស្នាក់នៅខុសច្បាប់ និងជនជាតិចិនម្នាក់ទៀតប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដែលត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី។

លើសពីនេះ ក្រុមការងារក៏បានរកឃើញជនជាតិចិនចំនួន ៦នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពផ្តល់ឱកាសការងារក្លែងក្លាយ (Work Scams) ដែលមានគោលដៅទៅប្រទេសអាមេរិក។ សម្ភារៈពាក់ព័ន្ធរួមមាន ទូរស័ព្ទដៃ ២៦គ្រឿង កុំព្យូទ័រយួរដៃ ៦គ្រឿង និង All in One ៣គ្រឿង។

ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងកិត្តិយសរបស់ប្រទេសជាតិ។ អាជ្ញាធរនឹងបន្តពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នានា៕

 

ព័ត៌មានទាក់ទង
×
Popup Banner